(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានអង្គភាពនគរបាលទេសចរណ៍ ប្រចាំច្រកទ្វារអន្ដរជាតិប៉ោយប៉ែត។ ក្នុងនោះក៏មានការអញ្ជើញចូលរួមពី លោកស្រី រស់ សុផានី អភិបាលរងខេត្តបន្ទាយមានជ័យ និងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

លោកវរសេនីយ៍ទោ ជី កុសល ដែលត្រូវប្រកាសចូលកាន់តំណែងជាប្រធានថ្មី នៃអង្គភាពនគរបាលទេសចរណ៍ប្រចាំច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក៏បានឡើងប្ដេជ្ញាចិត្ត ក្នុងការខិតខំប្រឹងប្រែងបំពេញកិច្ចការងារ ដើម្បីស្របតាមអ្វីដែលថ្នាក់ដឹកនាំប្រគល់ជូន។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា បានណែនាំ និងក្រើនរំលឹកដល់ប្រធានអង្គភាពថ្មី ដែលទើបប្រកាសចូលកាន់តំណែង ត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តការងារ និងត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុង ពង្រឹងការដឹកនាំបញ្ជា សំដៅជំរុញប្រសិទ្ធភាពការងារឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។

បន្ថែមពីនេះ លោកឧត្តមសេនីយ៍ឯកប្រធាននាយកដ្ឋាន បានផ្ដាំផ្ញើ ក៏ដូចជាដាក់បទបញ្ជាដល់មន្ដ្រីទាំងអស់ ត្រូវចូលរួមទប់ស្កាត់ការប្រព្រឹត្តបទល្មើស ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀន, ការជួញដូរ និងការបង្ខាំងមនុស្ស, ការជួញដូរកុមារ ការធ្វើអាជីវកម្មផ្លូវភេទ ការផ្សព្វផ្សាយរូបភាព និងសម្ភារអាសអាភាស, ការពារបេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ដ្រ សម្បត្តិធម្មជាតិ និងការប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌផ្សេងៗទៀត។

លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា បានបន្ដទៀតថា ត្រូវសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីអនុវត្តការចាប់ខ្លួន ឃាត់ខ្លួនជនល្មើស ក្នុងបទល្មើសជាក់ស្ដែង អនុវត្តសាលក្រម សាលដីការបស់តុលា និងអយ្យការគ្រប់ថ្នាក់ទាំងអស់៕