(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២នេះ នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្នានកណ្តាលព្រំដែន និងលោកឧត្តមសេនីយ៍ឯក តេង សួន អគ្គស្នងការរងនគរបាលជាតិ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចសហប្រតិបត្តិការការពារសន្តិសុខ សណ្តាប់ធ្នាប់នៅតាមតំបន់ព្រំដែនប្រចាំឆ្នាំ២០២១ និងទិសដៅឆ្នាំ២០២២ របស់នាយកដ្ឋាននគរបាលព្រំដែន។

ក្រោយស្តាប់របាយការណ៍របស់នាយកដ្នានកណ្តាលព្រំដែន ជាពិសេសប្រធាននាយកដ្ឋានទាំង៣ គឺនាយកដ្ឋាននគរបាលការពារព្រំដែនទឹក ការពារព្រំដែនគោក និងនគរបាលបច្ចេកទេសព្រំដែន រួចមកលោកឧត្តមសេនីយ៍ឯក តេង សួន បានគាំទ្របទអន្តរាគមន៍របស់ប្រធាននាយកដ្ឋានទាំង៣ ដែលបានខិតខំប្រឹងប្រែងធ្វើបានល្អទាំងការការពារបូរណភាពទឹកដី ទាំងការអនុវត្តតួនាទីភារកិច្ច ការបង្ក្រាបបទល្មើសនានា ក៏ដូចជាការចូលរួមក្នុងការទប់ស្តាត់ជំងឺកូវីដតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសូងសុខាភិបាលកន្លងមកដែលកម្លាំងនគរបាលការពារព្រំដែនធ្វើបានល្អ។

លោកឧត្តមសេនីយឯក តេង សួន បានជំរុញឲ្យកម្លាំងនាយកដ្ឋានទាំង៣ ត្រូវបន្តពង្រឹងរំលឹកឡើងវិញពីតួនាទីភារកិច្ចរបស់នគរបាលការពារព្រំដែន ដែលជាកងកម្លាំងដែលមានការងារជាច្រើនដែលត្រូវអនុវត្តព្រោះជានគរបាលយុត្តិធម៌ផង និងជានគរបាលការពារព្រំដែនផង ដែលចាំបាច់សហការគ្នាជាមួយកងយោធពលខេមរភូមិន្ទ ដើម្បីការពារបូរណភាពទឹកដីរបស់យើងឲ្យបានគង់វង្សល្អជាពិសេស មេបញ្ជាការវរៈនៅតាមព្រំដែន ត្រូវតែយកចិត្តទុកដាក់លើបញ្ហានេះ។

លោកបានបញ្ជាក់ថា ក្រៅពីការការពារព្រំដែនតួនាទីរបស់នគរបាលព្រំដែន គឺត្រូវទប់ស្កាត់រាល់បទល្មើសឆ្លងដែនគ្រប់ប្រភេទផងដែរ ទាំងបទល្មើសព្រំដែនគោក ព្រំដែនទឺកដែលរួមមានការលួចឆ្លងដែនដោយខុសច្បាប់តាមច្រករបៀង ទំនិញគេចពន្ធគ្មានឯកសាពាក់ព័ន្ធ។ លោកថា ដើម្បីទប់ស្កាត់រាល់បទល្មើសទាំងអស់នេះ បាននគរបាលការពារព្រំដែនត្រូវយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់លើបញ្ហានេះ ដោយមានឆន្ទៈក្នុងការចុះបំពេញភារកិច្ច។ លោកបានជំរុញឲ្យមន្ត្រីនគរបាលការពារព្រំដែនទាំងអស់ ត្រូវចូលរួមក្នុងការបើកវគ្គបណ្តុះបណ្តាលបន្ថែមទៀត នៅតាមអង្គភាពដើម្បីទទួលបានបទពិសោធន៍ទាំងតួនាទី និងភារកិច្ចឲ្យបានចប់គ្រប់ជ្រុងជ្រោយ ទៅជាកម្លាំងរៀបរយ របស់កម្លាំងនគរបាលព្រំដែន។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ បានលើកឡើងថា ស្នាដៃដែលកងកម្លាំងការពារព្រំដែនបានបំពេញភារកិច្ច ក្នុងរយៈពេលជាងមួយឆ្នាំកន្លងមកនេះ ទទួលបានជោគជ័យយ៉ាងល្អប្រសើរ ដោយមានការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងមានការដឹកនាំពីសម្តេចក្រឡាហោម ស ខេង ដែលតែងណែនាំឲ្យកងកម្លាំងនគរបាលការពារព្រំដែន ខិតខំបំពេញភារកិច្ចឲ្យទទួលបានជោគជ័យ និងប្រសិទ្ធភាព។

នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ ក៏បានសម្តែងការគាំទ្រនូវមតិដឹកនាំរបស់លោក តេង សូន ដែលបានលើកឡើងនូវសភាពការណ៍ជាក់ស្តែង ក៏ដូចជាបទពិសោធន៍ និងការចែករំលែក នូវអ្វីដែលជាបញ្ហាប្រឈម និងការរំលឹកដាស់តឿនទៅដល់កងកម្លាំងទាំងអស់។ លោកបានបន្ថែមថា ដើម្បីឲ្យកិច្ចការទាំងអស់នេះទទួលបានលទ្ធផលល្អបន្ថែមទៀត ត្រូវមានចំណុចសំខាន់មួយចំនួន ដែលគួរកត់សម្គាល់ដែលរួមមានការបង្រ្កាបបទល្មើសនៅតាមព្រំដែន ការរត់ពន្ធមនុស្សឆ្លងដែន ការទប់ស្កាត់មេខ្យល់នាំមនុស្សឆ្លងកាត់ព្រំដែនខុសច្បាប់ និងការបង្ក្រាបការជូញដូរអាវុធជាដើម។

នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ បានឲ្យដឹងថា នគរបាលការពារបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋដោយដៃម្ខាងការពារជាតិ ដៃម្ខាងចូលរួមការពារសន្តិសុខសណ្តាប់ធ្នាប់ ហើយនៅឈ្លៀតជួយប្រជាពលរដ្ឋនៅពេលដែលជួបគ្រោះមហន្តរាយនានា នៅតាមខ្សែរបន្ទាត់ព្រំដែន ដូចជាខ្យល់ព្យុះ និងខ្យល់កន្ត្រាក់ ដួលរលំផ្ទះ។ នាយឧត្តមសេនីយ៍បានជំរុញឲ្យមន្ត្រីនគរបាលការពារព្រំដែនទាំងអស់ ត្រូវបង្កើនកិច្ចសហការជាមួយអាជ្ញាធរពាក់ព័ន្ធ និងនគរបាលប្រទេសនៅជាប់តាមបន្ទាត់ព្រំដែនដើម្បីផ្លាស់ប្តូរព័ត៌មានគ្នា៕