(ព្រះសីហនុ)៖ កម្លាំងនគរបាលខេត្តព្រះសីហនុ នៅល្ងាចថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៦ បានឃាត់ខ្លួនជនបរទេស៣នាក់ រួមមានជនជាតិរុស្សីុ២នាក់ និងជនជាតិកាហ្សាកស្ថានម្នាក់ ក្រោយពីពួកគេលួចឆ្លងចូលប្រទេសកម្ពុជាតាមផ្លូវទឹក ដោយចេញពីប្រទេសវៀតណាម។

លោកឧត្តមសេនីយ៍ស្នងការ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា «នៅល្ងាចមិញកម្លាំងនគរបាលអន្តោប្រវេសន៍ បានឃាត់ខ្លួនជា បណ្តោះអាសន្ននូវជនបរទេស ចំនួន៣នាក់ ពីបទចូលមកខេត្តព្រះសីហនុ តាមផ្លូវទឹក (ប្រើទូកក្តោងមកតាមសមុទ្រពីប្រទេសវៀតណាម ខេត្តញ៉ាចាង) ដោយគ្មានទិដ្ឋាការ»

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា ជនបរទេសទាំង៣នាក់រួមមាន

១- ឈ្មោះ Smolin Mikhail ភេទប្រុស កើតថ្ងៃទី ២១ មិថុនា ១៩៨៧ សញ្ជាតិរុស្សី កាន់លិខិតឆ្លងដែនលេខ ៧២ ៦៣៣៦២៣៩ ផុតសុពលភាពថ្ងៃ ៤ តុលា ២០២៣ ចូលមកព្រះរាជាណាចក្រកម្ពុជាចុងក្រោយនៅថ្ងៃទី២៩ កុម្ភះ ២០១៦ តាមច្រកអន្តរជាតិបាវិត។

២- ឈ្មោះ Gudimenko Anastasiia ភេទស្រី កើតថ្ងៃទី ១ វិច្ឆិកា ១៩៩៥ សញ្ជាតិរុស្សី កាន់លិខិត ឆ្លងដែនលេខ ៧២ ៤៦២៤៥៩៥ ផុតសុពលភាពថ្ងៃ២៤ ឧសភា ២០២៣ ចូលមកព្រះរាជាណាចក្រកម្ពុជាចុងក្រោយនៅថ្ងៃទី២៩ កុម្ភៈ ២០១៦ តាមច្រកអន្តរជាតិបាវិត។

៣- ឈ្មោះ Yartsev Vitaliy ភេទប្រុស កើតថ្ងៃទី ៣០ តុលា ១៩៦២ សញ្ជាតិកាហ្សាកស្ថាន កាន់លិខិតឆ្លងដែនលេខ N5571971 ផុតសុពលភាពថ្ងៃ១១ ធ្នូ ២០១៧ ចូលមកព្រះរាជាណាចក្រកម្ពុជាចុងក្រោយនៅថ្ងៃទី៧ កុម្ភះ ២០១៦ តាមច្រកអន្តរជាតិបាវិត។

តាមការសាកសួរបឋម ជនទាំង៣នាក់ បានឆ្លើយប្រាប់សមត្ថកិច្ចអន្តោប្រវេសន៏ថា ពិតជាបានចូលមកខេត្តព្រះសីហនុ តាំងពីថ្ងៃ៥ ខែឧសភា ឆ្នាំ២០១៦ និងបានស្នាក់នៅក្នុងខេត្តព្រះសីហនុ ដោយគ្មានទិដ្ឋាការពិតប្រាកដមែន។

នៅថ្ងៃនេះ ពួកគេទាំង៣នាក់ នឹងត្រូវបញ្ជូនខ្លួនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីចាត់ការបន្តទៀត៕