(ភ្នំពេញ)៖ អង្គការអុកស្វាម រួមជាមួយអង្គការសង្គមស៊ីវិលចំនួនប្រាំមួយ និងក្រុមប្រឹក្សាជាតិគាំពារសង្គម (NSPC) បានសហការគ្នារៀបចំយុទ្ធនាការផ្សព្វផ្សាយទូទាំងប្រទេសមួយ ស្តីពីកិច្ចគាំពារសង្គម ដោយមានជំនួយហិរញ្ញវត្ថុ ពីក្រសួងសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ចនៃសហព័ន្ធអាល្លឺម៉ង់ (BMZ) តាមរយៈអង្គការ GIZ។

យុទ្ធនាការនេះផ្តោតជាចម្បង លើសារៈសំខាន់នៃបណ្ណសមធម៌ កម្មវិធីឧបត្ថមសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ និងមូលនិធិសមធម៌សុខាភិបាល ដែលកំពុងត្រូវបានផ្សព្វផ្សាយ តាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបានដូចជា វិទ្យុក្នុងស្រុក ដំណឹងតាមប្រព័ន្ធអនឡាញ បណ្តាញសង្គម ក្រុមតេឡេក្រាម ការប្រជុំដោយផ្ទាល់នៅតាមសហគមន៍។

ជាការផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋស្ថិត ក្នុងតំបន់ដាច់ស្រយាលបំផុត ដើម្បីធានាបរិយាប័ន្នក្រុមជនជាតិដើមភាគតិច កម្មវិធីសម្ភាសន៍តាមវិទ្យុក៏មានផ្តល់ជូនជាភាសា ក្នុងស្រុកដូចជា ភ្នង គ្រឹង កួយ ទំពូន និង ចារាយផងដែរ។

ដៃគូសង្គមស៊ីវិលក្នុងគម្រោងនេះរួមមាន អង្គការជនជាតិដើមភាគតិចកម្ពុជា (CIPO) គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC) បណ្តាញកសិករ និងធម្មជាតិ (FNN) ក្រុមសម្ព័ន្ធសកម្មភាពជលផល (FACT) គណៈកម្មាធិការសម្របសម្រួលសកម្មភាពសុខភាព (HACC) និងវេទិកាអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGOF)។

យោងតាមការវាយតម្លៃមួយដែលធ្វើឡើង ដោយអង្គការអុកស្វាមទៅលើ កម្រិតនៃការយល់ដឹង និងការទទួលបានព័ត៌មានស្តីពី គម្រោងគាំពារសង្គម ក្នុងចំណោមប្រជាពលរដ្ឋកម្ពុជា ខែតុលា ឆ្នាំ២០២១ មាននៅលើគេហទំព័ររបស់អង្គការអុកស្វាមប្រចាំកម្ពុជា គម្រោង និងកម្មវិធីគាំពារសង្គមសំខាន់ៗដូចជា កម្មវិធីឧបត្ថមសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ និងមូលនិធិសមធម៌សុខាភិបាល មិនត្រូវបានប្រជាពលរដ្ឋកម្ពុជាស្គាល់ជាទូទៅនៅឡើយ។

យោងតាមការសិក្សានេះ៥៤% នៃអ្នកឆ្លើយតបនឹងបទសម្ភាសន៍ បានដឹងពីកម្មវិធីឧបត្ថមសាច់ប្រាក់ខាងលើ ហើយ៤១% បានដឹងអំពីមូលនិធិសមធម៌សុខាភិបាល។

លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម បានឲ្យដឹងថា កិច្ចគាំពារសង្គមជាឧបករណ៍ដ៏សំខាន់មួយ សម្រាប់កាត់បន្ថយភាពងាយរងគ្រោះ របស់ប្រជាជនពីផលប៉ះពាល់សេដ្ឋកិច្ច បរិស្ថាន និងសង្គមនៅទូទាំងវដ្តជីវិតរបស់ពួកគេ។ កិច្ចគាំពារសង្គមបានបង្ហាញពីសក្ដានុពលក្នុងការគាំទ្របុគ្គល ដែលរស់នៅក្នុងភាពក្រីក្រ ឬបុគ្គលដែលប្រឈមមុខនឹងការធ្លាក់ចូលទៅក្នុងភាពក្រីក្រវិញ។

លោកស្រីបានឲ្យដឹងថា ដូច្នេះជាការចាំបាច់ និងបន្ទាន់ដែលត្រូវធ្វើការសម្របសម្រួលកិច្ចសហការពហុភាគី ដើម្បីដោះស្រាយបញ្ហាកង្វះខាតចំណេះដឹង និងការយល់ដឹង។

បណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានឲ្យដឹងថា ជាការសំខាន់ណាស់ដែលត្រូវលើកកម្ពស់ ការយល់ដឹងរបស់សាធារណជនអំពីប្រព័ន្ធគាំពារសង្គមកម្ពុជា និងអភិវឌ្ឍវប្បធម៌នៃការយល់ដឹងអំពី កិច្ចគាំពារសង្គម ឈានទៅពង្រីកការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមក្នុងប្រទេសកម្ពុជាបន្ថែមទៀត។ យើងមានទំនួលខុសត្រូវក្នុងការអប់រំសាធារណជន អំពីអត្ថប្រយោជន៍ដែលប្រព័ន្ធជំនួយសង្គម និងសន្តិសុខសង្គមផ្តល់ជូនប្រជាពលរដ្ឋ និងប្រទេសជាតិ បុគ្គលដែលទទួលបានព័ត៌មានច្បាស់ អំពីអត្ថប្រយោជន៍នៃកិច្ចគាំពារសង្គម នឹងកាន់តែសកម្មក្នុងការប្រើប្រាស់កម្មវិធីនេះ។

លោកបានឲ្យដឹងថា គំនិតផ្តួចផ្តើមនេះគាំទ្រ ដល់ការបង្កើតយន្តការផ្សព្វផ្សាយជាតិគាំពារសង្គម ដែលជាកិច្ចសហការរវាងក្រុមប្រឹក្សាជាតិគាំពារសង្គម (ដែលរូមមានក្រសួង-ស្ថាប័នចំនួន ១១) អង្គការអុកស្វាម និងអង្គការសង្គមស៊ីវិលចំនួនប្រាំមួយ ដែលតំណាងឱ្យអង្គការសង្គមស៊ីវិល និង/ឬ អង្គការនៅថ្នាក់សហគមន៍ចំនួនជាង៧០០៕