(ភ្នំពេញ)៖ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំពិធីសូត្រមន្តរាប់បាត្រព្រះសង្ឃចំនួន៦៨អង្គ ក្នុងន័យចូលរួមអបអរសាទរ ទេវតាឆ្នាំថ្មី ព្រះនាមកិរិណីទេវីជាបុត្រីទី៥ របស់កបិលមហាព្រហ្ម ដែលនឹងចុះមកគ្រប់គ្រងភពផែនដី ជំនួសទេវតាឆ្នាំចាស់ ក្រោមការដឹកនាំដោយលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ។

ពិធីនេះក៏បានបង្ហាញឲ្យឃើញពីការគោរពប្រតិបត្តិប្រពៃណីទំនៀមទំលាប់ ជាតិពិសេសក្នុងឱកាសទទួលទេវតាឆ្នាំថ្មី ដើម្បីបណ្តេញគ្រោះអ៊ុបទ្រុបចង្រៃផងទាំងពួងដែលកើតមានពីឆ្នាំចាស់ និងសុំពរជ័យ ពីទេវតាឆ្នាំថ្មី ក៏ដូចរួមចំណែក ថែរក្សាប្រពៃណីទំនៀមទំលាប់ និងវប្បធម៌ជាតិដ៏ល្អផូរផង់។

នេះជាការចាប់ផ្តើម នៃការប្រារព្វពិធីសូត្រមន្តរាប់បាត្ររបស់រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចស្ថាប័ននានា និងបងប្អូនប្រជាពលរដ្ឋ ក្រោយពីអាក់ខានមិនបានរៀបចំពិធីនេះ អស់រយៈពេល២ឆ្នាំ ដោយសារការរីករាលដាល នៃជំងឺកូវីដ១៩។ ប៉ុន្តែឆ្នាំនេះពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឲ្យធ្វើពិធី និងមានការជួបជុំកំសាន្តសប្បាយជាធម្មតាឡើងវិញ។

រយពពេល២ឆ្នាំចុងក្រោយនេះ រដ្ឋបាលរាជធានីភ្នំពេញ មន្ត្រីរាជការ ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីសុខាភិបាលដែលជាកងទ័ពអាវស បានឆ្លងកាត់ស្ថានភាពដ៏លំបាក នៃការរីករាលដាលជំងឺកូវីដ១៩ បញ្ហាគ្រោះទឹកជំនន់ទឹកភ្លៀង ទំនប់សណ្តរស្ទឹងព្រែកត្នោត បញ្ហាសំរាមជាដើម។

តែពេលនេះបញ្ហាខាងលើ ត្រូវបានដោះស្រាយជាបន្តបន្ទាប់ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងការដឹកនាំអនុវត្តដោយលោក ឃួង ស្រេង រួមទាំងការអភិវឌ្ឍន៍ទីក្រុងផងដែរ។ ដើម្បីចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះដែរ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសជូនដំណឹងពីការប្រារព្វកម្មវិធីសង្ក្រាន្តវត្តភ្នំនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំរយៈពេល៣ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានជូនដំណឹងពីការហាមឃាត់ មិនអនុញ្ញាតឲ្យលេងល្បែងដែលមិនមែនជាប្រពៃណីវប្បធម៌ជាតិ ប្រកាន់ខ្ជាប់សេចក្តីថ្លៃថ្នូរ ចូលរួមទប់ស្កាត់រាល់បទល្មើសផ្សេងៗ ដែលអាចកើតមានឡើង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ចូលរួមទប់ស្កាត់ពីគ្រោះអគ្គីភ័យ បើកបរគោរពច្បាប់ចរាចរផ្លូវគោក បើកបរកុំពិសារគ្រឿងស្រវឹងជាដើម៕