(ស្ទឹងត្រែង)៖ នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៦ ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានដឹកនាំសមាជិកក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ចុះសួរសុខទុក្ខ និងនាំយកធុងចម្រោះទឹកស្អាត ធុងស្តុកទឹក កានទឹក ប៊ីដុងទឹក និងជីកអណ្តូង ជូនដល់ប្រជាពលរដ្ឋដែលជួបគ្រោះរាំងស្ងួតខ្វះទឹកប្រើប្រាស់ នៅឃុំស្រែសំបូរ និងឃុំព្រែកមាស ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ​​ ហ៊ុន សែន។

សម្ភារៈដែលបាននាំយកទៅចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈរដ្ឋបាលខេត្ត និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត រួមមាន ធុងចម្រោះទឹកស្អាត ចំនួន៤៦ធុង ធុងស្តុកទឹកចំណុះ២០លីត្រ ចំនួន២២០ធុង កានទឹកចំណុះ៣០លីត្រ ចំនួន៧១កាន ប៊ីដុងទឹក ចំនួន១០០ប៊ីដុង និងអណ្តូងស្នប់ ចំនួន០៩អណ្តូង។

នាឱកាសនោះ លោកអភិបាលខេត្ត បានពាំនាំនូវការសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្តេច បានចង្អុលបង្ហាញឲ្យលោកដឹកនាំថ្នាក់ដឹកនាំខេត្ត និងមន្ត្រីរាជការចុះជួយប្រជាពលរដ្ឋ ក្នុងគ្រាមានអាសន្ន ដូចពាក្យស្លោកបានលើកឡើងថា «ទីណាមានការលំបាក ទីនោះមានសម្តេចតេជោ»។ លើសពីនេះទៀត លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះធម្មជាតិ ជាពិសេសខ្យល់កន្រ្តាក់ ផ្គរ រន្ទះ ដែលអាចបំផ្លាញលំនៅដ្ឋាន និង ធ្វើឲ្យប៉ះពាល់ដល់អាយុជីវិតផងដែរ៕

Advertising