(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាឱ្យនគរបាលទូទាំងប្រទេស ត្រូវផ្តោតការយកចិត្តទុកដាក់ទៅលើការងារប្រចាំបញ្ជា ដោយត្រូវមានមនុស្សប្រចាំការជាប់ និងត្រូវប្រកាសលេខ១១៧ ឱ្យប្រជាពលរដ្ឋបានដឹងកាន់តែច្រើន។

នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន ដាក់បទបញ្ជាដូច្នេះនៅក្នុងឱកាសដឹកនាំកិច្ចប្រជុំសរុបសភាពការណ៍ និងលទ្ធផលនៃកិច្ចប្រតិបត្តិការប្រចាំត្រីមាសទី១ ឆ្នាំ២០២២ និងផ្សព្វផ្សាយទិសដៅការងារឆ្នាំ២០២២ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២។

នាយឧត្តមសេនីយ៍ នេត សាវឿន បានលើកឡើងថា កន្លងទៅមានប្រជាពលរដ្ឋរាយការណ៍មកលោកផ្ទាល់ថា ពេលមានបទល្មើសផ្សេងៗ ពួកគាត់បានទូរស័ព្ទទៅនគរបាលមូលដ្ឋានដើម្បីសុំកិច្ចអន្តរាគមន៍ ប៉ុន្តែនគរបាលមិនលើក ទូរស័ព្ទទាល់តែសោះ។ ដូច្នេះលោកដាក់បទបញ្ជាឱ្យនគរបាលទាំងអស់ ត្រូវតែពង្រឹងយកចិត្តទុកដាក់ទៅលើការងារប្រចាំបញ្ជា ជាពិសេស នៅពេលមានប្រជាពលរដ្ឋទូរស័ព្ទសុំអន្តរាគមន៍តាមរយៈលេខ១១៧ ហើយសមត្ថកិច្ច១១៧ បញ្ជូនព័ត៌មានទៅ សមត្ថកិច្ចមូលដ្ឋានត្រូវតែដោះស្រាយឱ្យបានលឿន និងមានប្រសិទ្ធភាព។

នាយឧត្តមសេនីយ៍ អគ្គស្នងការ ក៏បានក្រើនរម្លឹកដល់ស្នងការរាជធានី-ខេត្ត ទាំងអស់នៅពេលប្រជាពលរដ្ឋទូរស័ព្ទទៅសូមឱ្យលើកផង។ នាយឧត្តមសេនីយ៍ នេត សាវឿន បានឲ្យដឹងផងដែរថា លោកបានជួបជាមួយរដ្ឋមន្ត្រី ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ ដើម្បីស្នើសុំឱ្យនគរបាលរ៉ាប់រងទាំងអស់រាល់លេខទំនាក់ទំនង Hotline លើកលែងតែផ្នែកសុខាភិបាល ដែលបច្ចុប្បន្នមានភាពរលូន។

គួរកត់សម្គាល់ថា បន្ទាប់ពីអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រកាសលេខទូរស័ព្ទ Hotline 117 សម្រាប់ប្រជាពលរដ្ឋរាយការណ៍រាល់ករណីកើតឡើងពិតប្រាកដ នៅទូទាំងប្រទេស ពេញ២៤ ម៉ោងលើ ២៤ ម៉ោងនោះមក ប្រជាពលរដ្ឋបានសំដែងការគាំទ្រ ជឿជាក់ និងលើកសរសើរមិនដាច់ពីមាត់ ខណៈពេលពួកគាត់កំពុងមានបញ្ហាបានរាយការណ៍ទៅសមត្ថកិច្ចតាមលេខទូរស័ព្ទ១១៧ ដើម្បីសុំកិច្ចអន្តរាគមន៍ ហើយពួកគាត់ទទួលបាន ការជួយអន្តរាគមន៍ទាន់ពេលវេលា។

លេខទូរស័ព្ទ Hotline 117 នេះ គឺជាមជ្ឈមណ្ឌលប្រចាំបញ្ជារបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលរង់ចាំទទួល និងឆ្លើយតបបន្ទាន់ភ្លាមៗ នៅពេលទទួលបាននូវសេចក្ដីរាយការណ៍សុំជំនួយពិតប្រាកដពីនគរបាលជាតិ ដូចជា បទល្មើសព្រហ្មទណ្ឌ, គ្រោះថ្នាក់ចរាចរណ៍, គ្រោះអគ្គិភ័យ ឬភាពអសកម្មមួយចំនួនរបស់មន្ដ្រីនគរបាលនៅតាមមូលដ្ឋានជាដើម។ ប្រជាពលរដ្ឋអាចទូរស័ព្ទចូលលេខ ១១៧ មិនអស់ថ្លៃសេវានោះទេ ទោះបីជាទឹកប្រាក់ក្នុងគណនេយ្យអស់ ក៏អាចទូរស័ព្ទចូលបានផងដែរ៕