(សៀមរាប)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនប្រទេសជាតិ នៅលើខ្នងភ្នំគូលែន នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៧ ខែមេសា ឆ្នាំ២០២២។

លោកស្រីបណ្ឌិត ម៉ែន សំអន បានបួងសួងថ្វាយព្រះពរជ័យព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ ប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា មន្រ្តីរាជការ ព្រមទាំងប្រជាពលរដ្ឋ នៅទូទាំងប្រទេស សូមឲ្យជួបសេចក្តីសុខ សន្តិភាព និងសេចក្តីចម្រើនគ្រប់ៗគ្នា ជាពិសេសសូមឲ្យប្រទេសជាតិរួចផុតពីជម្ងឺដង្កាត់ គ្រោះកាចចង្រៃចៀសផុតពីគ្រោះរាំងស្ងួត និងសម្បូរណ៍សប្បាយតរៀងទៅ។

លោកស្រីបណ្ឌិត ម៉ែន សំអន បានណែនាំឲ្យប្រជាពលរដ្ឋ ត្រូវចេះថែរក្សាបរិស្ថាន និងអនាម័យល្អនៅតំបន់បុរាណសាស្រ្ត ដើម្បីជាកត្តាទាក់ទាញភ្ញៀវទេសចរ មកទស្សនាតំបន់នេះ និងបានផ្តាំផ្ញើឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវគោរព តាមវិធានការណ៍របស់ក្រសួងសុខាភិបាល «៣ការពារ និង៣កុំ» ហើយត្រូវទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា ចាប់ពីដូសទី១ និងដូសជំរុញ។

ជាចុងក្រោយលោកស្រីបណ្ឌិត បាននាំយកថវិការបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋ រួមមាន៖ កងកម្លាំងទាំង៣ប្រភេទ បុគ្គលិកអាជ្ញាធរអប្សារា អ្នកអនាម័យ មន្ត្រីឧទ្យាននុរក្ស សរុបចំនួន ៥២១គ្រួសារ ក្នុងមួយគ្រួសារទទួលបានថវិកា ៤ម៉ឺនរៀល និងបានប្រគេនព្រះសង្ឃនូវបច្ច័យចំនួន ២.០០០ដុល្លារសម្រាប់ការកសាង៕