(ព្រះសីហនុ)៖ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងប្រាប់គណគ្រប់គ្រងមជ្ឈមណ្ឌលជាតិឱ្យដឹកនាំ និងពង្រឹងឯកភាពផ្ទៃក្នុង ដើម្បីការផ្តល់សេវាប្រកបដោយប្រសិទ្ធភាព និងភាពជឿជាក់។

លោកថ្លែងបែបនេះ ក្នុងឱកាសបិទពិធីបណ្តុះបណ្តាលស្តីពីការព្យាបាល និងស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀន ដោយផ្អែកលើសហគមន៍សម្រាប់មន្រ្តីបម្រើការងារនៅមជ្ឈមណ្ឌលជាតិ ព្យាបាលនិងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដោយស្មគ្រ័ចិត្ត និងផ្អែកលើសហគមន៍និងប្រគល់វិញ្ញាបនបត្រ ជូនសិក្ខាកាមដែលបានបញ្ចប់ការសិក្សាចំនួន៥១រូប នាល្ងាចថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២២នេះ។

ថ្លែងក្នុងនាមឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាឱកាសនោះ នាយឧត្ដមសេនីយ៍ មាស វិរិទ្ធ បានថ្លែងអំណរគុណនិងកោតសសើរដល់ក្រសួងសុខាភិបាល ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងអ្នកពាក់ព័ន្ធដែលបានខិតខំបណ្តុះបណ្តាលផ្ទេរចំណេះដឹងដល់សិក្ខាកាមទាំងអស់ប្រកបដោយគុណភាព ប្រសិទ្ធភាព។

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានបន្ថែមទៀតថា ខណៈកម្ពុជា ក៏ដូចជាបណ្តាប្រទេសនានាក្នុងតំបន់ និងពិភពលោក បាន និងកំពុងទទួលរងនូវការឆ្លងរីករាលដាលនៃកូវីដ-១៩ ស្ថានភាព នៃការកែច្នៃ ផលិត ការចរាចរ និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ពុំមានការថយចុះនោះទេ ផ្ទុយទៅវិញ ហាក់ដូច ជាមានកំណើនកាន់តែច្រើនឡើងគួរឲ្យព្រួយបារម្ភ។ ទន្ទឹមនោះការងារព្យាបាល និងស្តារនីតិ សម្បទា ការរៀបចំគោលនយោបាយសម្រាប់ព្យាបាល និងស្តារនីតិសម្បទាអ្នកញៀន គ្រឿងញៀន នៅមិនទាន់ឆ្លើយតបបាន ទៅនឹងផលប៉ះ ពាល់ ធ្ងន់ធ្ងរដល់ សុខុមាល ភាពសាធារណៈ និង បំណិនជីវិតនៅឡើយ។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ មាស វីរិទ្ធ បានប្រាប់ទៅគណ:គ្រប់គ្រងមជ្ឈមណ្ឌលជាតិឱ្យដឹកនាំនិងពង្រឹងឯកភាពផ្ទៃក្នុង ដើម្បីការផ្តល់សេវាប្រកបដោយប្រសិទ្ធភាពនិងភាពជឿជាក់ បណ្តុះបណ្តាល វិជ្ជាជីវ: កៀរគរ សហការគាំទ្រពីវិស័យឯកជន ពិសេសក្នុងខេត្ត ព្រះសីហនុ ដើម្បី ជួយរកទីផ្សារការងារសម្រាប់ក្មួយៗ ដែលកំពុងសម្រាកព្យាបាល និង ចាត់ចែង នូវសម្ភារបច្ចេកទេស ពេទ្យ បុគ្គលិកជំនាញដើម្បីធានាបាននូវនិរន្តភាពនៃការ ព្យាបាល និង ស្តារនីតិ សម្បទាអ្នកញៀនគ្រឿងញៀននៅមជ្ឈមណ្ឌលជាតិ។

ឧត្តមសេនីយ៍ទោ លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា បានធ្វើការរាយការណ៍ពីលទ្ធផលនៃការបណ្តុះបណ្តាលថា ពិតជាបានផ្ទេរចំណេះដឹងបទពិសោធន៍ដល់មន្រ្តីយ៉ាងពិតប្រាកដ និងមានប្រសិទ្ធភាពតាមរយ:ការវាស់ស្ទង់ចំណេះដឹងរបស់សិក្ខាកាមមុនវគ្គ និងក្រោយវគ្គសិក្សា គឺ៖ ១- មុនវគ្គខ្សោយ ៨នាក់ មធ្យម ១៣នាក់ ល្អបង្គួរ ២០នាក់ ល្អណាស់ ១០នាក់, និង ២- ក្រោយវគ្គ ០នាក់ មធ្យម ០នាក់ ល្អបង្គួរ ៦នាក់ ល្អណាស់ ៤៥នាក់។

ចុងបញ្ចប់នៃកម្មវិធី មានប្រគល់នូវប័ណ្ណសសើរ ជូនគ្រូឧទ្ទេស អ្នកសម្របសម្រួល ការងារកន្លងមក និងប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនសិក្ខាកាមទាំងអស់ផងដែរ៕