(ភ្នំពេញ)៖ មន្ទីរពេទ្យកុមារជាតិ ទទួលជំនួយជាសម្ភារៈវេជ្ជសាស្ត្រចំនួន១៦មុខ សរុបជាថវិកាជាង៣ម៉ឺនដុល្លារពីក្លិបរ៉ូតារីភ្នំពេញខេបភីថល ដើម្បីលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា រួមទាំងទារក និងកុមារផងដែរ។

ពិធីប្រគល់ និងទទួលនេះបានធ្វើឡើងនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក សាស្ត្រាចារ្យ ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ និងលោក វីលសុន ជី (Willson Chi) ប្រធានក្លិបរ៉ូតារីភ្នំពេញខេបភីថល។

លោកសាស្ត្រាចារ្យ ញឹប អង្គាបុស្ស បានថ្លែងថា សម្ភារៈវេជ្ជសាស្ត្រទាំងនេះ គឺបានមកពីលទ្ធផលទស្សនកិច្ចផ្លូវការរបស់ក្រុមការងារ និងថ្នាក់ដឹកនាំនៃក្លិបរ៉ូតារីភ្នំពេញខេបភីថលនៅពាក់កណ្ដាល ឆ្នាំ២០២០ នៅមន្ទីរពេទ្យកុមារជាតិ ។

លោកសាស្ត្រាចារ្យបានបន្តថា តាមរយៈកិច្ចពិភាក្សា និង ទស្សនៈកិច្ចផ្លូវការនោះ បានបង្កឱកាសដល់កិច្ចសហប្រតិបត្តិការរយ៉ាងរលូន វាងមន្ទីរពេទ្យកុមារជាតិ និងក្លិបរ៉ូតារីភ្នំពេញខេបភីថល ក្នុងការរួមគ្នាលើកកម្ពស់សុខភាពទារក តាមរយៈការផ្តល់ជាសម្ភារៈបរិក្ខាវេជ្ជសាស្ត្រមួយចំនួន១៦មុខ ដែលសរុបជាទឹកប្រាក់មានចំនួន ៣១,៦២៥.៦០ ដុល្លារសហរដ្ឋអាមេរិក ផ្តល់ជូនដល់មន្ទីរពេទ្យកុមារជាតិ ដែលជាការរួមចំណែករបស់សមាជិកសមាជិកា នៃក្លិបរ៉ូតារីភ្នំពេញខេបភីថល ដើម្បីអភិវឌ្ឍវិស័យសុខាភិបាលនៅព្រះរាជាណាចក្រកម្ពុជា។

លោក សាស្ត្រាចារ្យ បានបន្ថែមថា ថ្ងៃនេះមន្ទីរពេទ្យកុមារជាតិមានសេចក្តីសោមនស្សរីករាយឥតឧបមា ចំពោះសមិទ្ធិផលជាវិជ្ជមាននៃកិច្ចសហប្រតិបត្តិការជាមួយក្លិបរ៉ូតារីភ្នំពេញខេបភីថល តាមរយៈគម្រោងលើកកម្ពស់សុខភាព ទារក និង អភិវឌ្ឍវិស័យសុខាភិបាលកម្ពុជា។

លោកបន្តថា «ខ្ញុំសូមសំដែងនូវការគោរពកោតសរសើរដោយស្មោះចំពោះសកម្មភាពមនុស្សធម៌ដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបាន របស់សមាជិក សមាជិកា ក្លិបរ៉ូតារីនិងក្លិបរ៉ូតារីភ្នំពេញខេបភីថលទាំងអស់ ដែលបានបរិច្ចាគធនធានក្នុងការផ្តល់ជាជំនួយសម្ភារៈ និងបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីជួយអភិវឌ្ឍវិស័យសុខាភិបាល និង លើកកម្ពស់សុខមាលភាពរបស់ប្រជាជនកម្ពុជា រួមទាំងទារកនិងកុមារផងដែរ»

លោកសាស្ត្រាចារ្យបានបញ្ជាក់ថា ដោយមានការគាំទ្រយ៉ាងខ្លាំងក្លាពីក្រសួងសុខាភិបាល ក្រុមប្រឹក្សាភិបាល ព្រមជាមួយការប្តេជ្ញាចិត្តនិងការចូលរួមយ៉ាងសកម្មរបស់បុគ្គលិកទាំងអស់ក្នុងមន្ទីរពេទ្យគ្រប់ផ្នែកមន្ទីរពេទ្យកុមារជាតិ បានខិតខំប្រឹងប្រែងអភិវឌ្ឍទាំងគុណភាពសេវាហេដ្ឋារចនាសម្ព័ន្ធ និងការពង្រឹងសមត្ថភាពរបស់បុគ្គលិកគ្រប់ជំនាញ ក្នុងគោលបំណងផ្តល់ជូននូវសេវាសុខាភិបាលដល់ប្រជាពលរដ្ឋ ទាំងអស់ឲ្យមានទំនុកចិត្ត លើការថែទាំព្យាបាលទារក និងកុមារ ប្រកបដោយគុណភាព ប្រសិទ្ធិភាព និងគុណតម្លៃ