(ពោធិ៍សាត់)៖ រដ្ឋបាលខេត្តពោធិ៍សាត់ សូមជូនដំណឹង ដល់សាធារណៈជន បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ឱ្យបានជ្រាបថា ដើម្បីអបអរសាទរពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ពស.២៥៦៥ គស.២០២២ ដែលនឹងឈានចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ រដ្ឋបាលខេត្តពោធិ៍សាត់ និងរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តកោះសំពៅមាសពោធិ៍សាត់» នៅលើបុរីវប្បធម៌កោះសំពៅមាស ទល់មុខសាលាខេត្តពោធិ៍សាត់ និងតាមដងផ្លូវលេខ១០១ រយៈពេលបីថ្ងៃ បួនយប់ គិតចាប់ពីយប់ថ្ងៃថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ខាងមុខនេះ។

ព្រឹត្តិការណ៍ សង្ក្រាន្តកោះសំពៅមាសពោធិ៍សាត់ ដែលគ្រោងរៀបចំនេះ មានកម្មវិធីជាអាទិ៍ ពិធីទទួលទេវតាឆ្នាំថ្មី ពិធីស្រង់ព្រះ ល្បែងប្រជាប្រិយ របាំប្រពៃណី របាំត្រុដិ ដែលជាទំនៀមទម្លាប់ប្រពៃណីដ៏ល្អផូផង់តាំងពីបុរាណកាល ព្រមទាំងមានពិធីមួយចំនួនទៀតដូចជា៖ ពិព័រណ៍សមិទ្ធផលភូមិមួយផលិតផលមួយ របស់បណ្តាក្រុង ស្រុក មន្ទីរ អង្គភាព ជុំវិញខេត្ត ផ្ទាំងទស្សនីយភាពសិល្បៈ ការប្រគុំតន្ត្រី និងការរាំកំសាន្ត។ល។ ដោយឡែកពេលរាត្រី ក៏មានការប្រគុំតន្ត្រី និងបាញ់កាំជ្រួច ជូនទស្សនាកំសាន្តផងដែរ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណៈជន បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ អញ្ជើញ ចូលរួម កំសាន្តសប្បាយរីករាយ ឱ្យបានច្រើនកុះករ៕