(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២នេះ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Amelita Aquino ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅកម្ពុជា និងគណៈប្រតិភូសកម្មភាពមីនប្រទេសហ្វីលីពីន ដឹកនាំដោយលោក Hussein Munoz សមាជិករដ្ឋសភា នៃតំបន់ស្វយ័ត Bangsamoro (Muslim Mindanao) ដើម្បីស្វែងយល់អំពីការគ្រប់គ្រងវិស័យសកម្មភាពមីននៅកម្ពុជា។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី លី ធុជ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ និងបានថ្លែងអំណរគុណដល់រដ្ឋាភិបាលហ្វីលីពីន ដែលបានចូលរួមបញ្ជូនកងកម្លាំងរក្សាសន្តិភាពមកកម្ពុជា ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ (UNTAC) ក្នុងកំឡុងពេលដែលប្រទេសកម្ពុជា កំពុងជួបនូវបញ្ហាអស្ថិរភាព។

លោកទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ក្រោមទទួលបានជ័យជម្នះពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ជាពិសេសការទទួលបាននូវសុខសន្តិភាពពេញលេញ ក្រោមគោលនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី។

លោកបានបន្តទៀតថា សមិទ្ធផលសម្រេចបានរយៈពេល៣០ឆ្នាំនេះ បានមកពីការយកចិត្តទុកដាក់ និងការចូលរួមគាំទ្រពីដៃគូអភិវឌ្ឍន៍ និងប្រទេសជាមិត្ត ដែលបានរួបរួមគ្នាដោះស្រាយក្នុងការផ្តល់ដីមានសុវត្ថិភាព និងការកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន/គ្រាប់ ជាមួយនឹងការដាក់ចេញនូវចក្ខុវិស័យដឹកនាំ និងរចនាសម្ព័ន្ធគ្រប់គ្រងរឹងមាំទាំងថ្នាក់ជាតិ និងថ្នាក់ជាតិរបស់រដ្ឋាភិបាល ដែលមានអាជ្ញាធរមីនជាសេនាធិការ។

លោកទេសរដ្ឋមន្រ្តី បានលើកឡើងថា ចាប់ពីឆ្នាំ១៩៩២ នៃការចាប់ផ្តើមបោសសម្អាតមីនមនុស្សធម៌ កម្ពុជាបានទទួលនូវមេរៀនគ្រប់បែបយ៉ាង និងបទពិសោធន៍យ៉ាងច្រើន ព្រមទាំងមានមហិច្ឆតាចូលរួមចែករំលែកជួយទៅដល់ប្រជាជន និងបណ្តាប្រទេសទាំងក្នុងតំបន់ និងពិភពលោក ដែលត្រូវការចាំបាច់នូវការងារបោសសម្អាតមីន។

ជាមួយគ្នានេះ លោកស្រី Amelita Aquino បានថ្លែងអំណរគុណដល់អាជ្ញាធរមីន ដែលបានចូលរួមចែករំលែកនូវបទពិសោធន៍ និងការដឹកនាំវិស័យសកម្មភាពនៅកម្ពុជា ក្នុងសិក្ខាសាលាស្តីពីអ្នកពាក់ព័ន្ធសកម្មភាពមីនហ្វីលីពីន រយៈពេល០២ថ្ងៃកន្លងមកនេះ។ លោកស្រី បានស្នើសុំឲ្យរាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរមីន បន្តកិច្ចសហប្រតិបត្តិការជួយដល់វិស័យមីននៅប្រទេសហ្វីលីពីន ជាពិសេសក្នុងតំបន់ស្វយ័ត Bangsamoro ដែលទើបតែបញ្ចប់សង្រ្គាម និងសំបូរដោយគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម៕