(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ បានទទួលថវិកាពីសមាគមអភិរក្សដំរីអៃរាវត្តា ក្នុងឱកាសខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា សម្រាប់បន្តប្រើប្រាស់ក្នុងការជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលរងគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់និន្នាការអ្វីទាំងអស់។

ពិធីប្រគល់-ទទួលជំនួយថវិកានេះធ្វើឡើងក្រោមអធិបតីភាពលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា រីឯខាងសមាគមអភិរក្សដំរីអៃរាវត្តា ដឹកនាំដោយលោកស្រី ក្លេខៃ ចិន្តា ប្រធានសមាគម។

លោកស្រី ពុំ ចន្ទីនី បានឱ្យដឹងថា សម្រាប់សប្បុរសជនគ្រប់មជ្ឈដ្ឋានដែលមានសទ្ធាជ្រះថ្លាចូលរួមបរិច្ចាគថវិកាជូនកាកបាទក្រហមក្រហមកម្ពុជា ក្នុងឱកាសខួបលើកទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២២ គឺដើម្បីធ្វើឱ្យសមាគមជាតិមានធនធានបន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកជូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត តាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម។ ប្រការនេះជាទង្វើមួយជួយដល់សង្គម និងអាចជួយឲ្យប្រជាជនខ្មែរដែលកំពុងជួបការលំបាក ទទួលបាននូវភាពកក់ក្តៅ និងការយកចិត្តទុកដាក់យ៉ាងពេញលេញពីរាជរដ្ឋាភិបាល និងសប្បុរសជនគ្រប់ទិសទីផងដែរ។

សូមជម្រាបថា នាឱកាសខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២២នេះ ត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជាដោះស្រាយបញ្ហាប្រឈមនានា និងបន្តពង្រឹងភាពធន់សហគមន៍»