(កំពង់ធំ)៖ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ដែលមានលោករដ្ឋមន្ត្រី ថោង ខុន ជាប្រធាន និងលោកអភិបាលខេត្តកំពង់ធំ ងួន រតនៈ ជាអនុប្រធានអចិន្ត្រៃយ៍ បានចុះផ្សព្វផ្សាយពីការអនុវត្តការងារឆ្វៀលដី «ពីតំបន់២ មកតំបន់១» ក្នុងភូមិសាស្រ្តក្រុងស្រុកចំនួន៥នៃខេត្តកំពង់ធំ គឺស្រុកស្ទោង ស្រុកកំពង់ស្វាយ ស្រុកសន្ទុក ក្រុងស្ទឹងសែន និងស្រុកបារាយណ៍។ ពិធីនេះធ្វើឡើងនាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ នៅវត្តស្ពឺត្បូង ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ។

គួរជម្រាបថា រាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឲ្យមានការកែសម្រួលផ្ទៃដីទំហំ «១០,០១៤ហិកតា១៦អា» ចេញពីតំបន់២ បញ្ចូលមកក្នុងតំបន់១នៃបឹងទន្លេសាប ជូនប្រជាពលរដ្ឋចំនួន៩,១៤៤គ្រួសារ ស្ថិតក្នុងភូមិសាស្រ្តក្រុងស្រុកចំនួន៥ គឺស្រុកស្ទោង ស្រុកកំពង់ស្វាយ ស្រុកសន្ទុក ក្រុងស្ទឹងសែន និងស្រុកបារាយណ៍ ខេត្តកំពង់ធំ (ដូចមានក្នុងខ្លឹមសារលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី លេខ ២២៤ សជណ.ដប ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២)។

នាឱកាសនោះ លោក ងួន រតនៈ បានលើកឡើងថា ទាក់ទងនឹងបញ្ហាដីនៅតំបន់២ ក្នុងភូមិសាស្រ្តខេត្តកំពង់ធំ គឺមានភូមិករដែលមានលំនៅឋានប្រជាពលរដ្ឋរស់នៅជាអចិន្រ្តៃយ៍មុនរាជរដ្ឋាភិបាលចេញអនុក្រឹត្យលេខ ១៩៧ អនក្រ.បក ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១១ នោះទៅទៀត (អនុក្រឹត្យលេខស្តីពីការកំណត់ដែនព្រៃលិចទឹកចំនួន៦៤៧,៤០៦ហិកតា ស្ថិតក្នុងខេត្តទាំង៦ ជុំវិញបឹងទន្លេសាប)។

លោកថា កន្លងមក មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត ក៏ធ្លាប់បានចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងបានចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលើដីតំបន់២នេះ នៅកំឡុងឆ្នាំ២០០០ ដល់ឆ្នាំ២០០៩ ហើយដែលបច្ចុប្បន្ននេះ ដោយសារជាប់អនុក្រឹត្យលេខ ១៩៧ នេះ ទើបប្រជាពលរដ្ឋដែលមានប្លង់កម្មសិទ្ធិពុំមានសិទ្ធិចាត់ចែង ដូចជា ការលក់ដូរ ការដាក់បញ្ចាំ ឬការផ្ទេរមរតកបានឡើយ។ ប៉ុន្តែដោយយោងលិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តីលេខ ៧០៥ សជណ ចុះថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ ដែលបានប្រគល់ភារកិច្ចជូនរដ្ឋបាលខេត្តកំពង់ធំ ដឹកនាំអង្គភាពជំនាញរៀបចំរបាយការណ៍ មានផែនទី និងនិយាមកា ដើម្បីលើកសំណើសុំកែសម្រួលព្រំប្រទល់តំបន់២ដែលមានការប៉ះពាល់ រដ្ឋបាលខេត្តបានសហការជាមួយមន្ទីរជំនាញ និងអាជ្ញាធរពាក់ព័ន្ធចុះពិនិត្យស្រាវជ្រាវប្រមូលទិន្នន័យ និងបានធ្វើលិខិតស្នើសុំទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីសុំកាត់ឆ្វៀលដីតំបន់២មកតំបន់១។

ជាលទ្ធផល រាជរដ្ឋាភិបាលបានចេញសេចក្តីជូនដំណឹងលេខ ២២៤ សជណ.ដប ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ដោយបានឯកភាពកែសម្រួលផ្ទៃដីទំហំ១០,០១៤ហិកតា១៦អា ចេញពីតំបន់២បញ្ចូលមកក្នុងតំបន់១នៃបឹងទន្លេសាប ជូនប្រជាពលរដ្ឋចំនួន៩,១៤៤គ្រួសារ ដូចមានផែនទី និងតារាងនិយាមការភ្ជាប់មកជាមួយ ក្នុងនោះដីទំហំ២,២៤៨ហិកតា៤៥អា ជូនប្រជាពលរដ្ឋចំនួន៤,៤៤៣គ្រួសារ ដែលមានលំនៅឋានអចិន្ត្រៃយ៍ស្ថិតនៅភូមិសាស្រ្តស្រុកស្ទោង ស្រុកកំពង់ស្វាយ ស្រុកសន្ទុក និងស្រុកបារាយណ៍ និងដីទំហំ៧,៧៦៥ហិកតា៦២អា ស្មើនឹង១១,៦២៥ក្បាលដី ជូនប្រជាពលរដ្ឋចំនួន៤,៧០១គ្រួសារ ស្ថិតនៅភូមិសាស្រ្តស្រុកស្ទោង ស្រុកកំពង់ស្វាយ ស្រុកសន្ទុក និងក្រុងស្ទឹងសែន ដែលបានចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ តាមរយៈការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងឆ្នាំ២០០០ ដល់ឆ្នាំ២០០៩។

លោកប្រធាន ថោង ខុន បានឱ្យដឹងថា តាមរយៈខ្លឹមសារសជណលេខ ២២៤ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ចាប់ពីពេលនេះតទៅ ប្រជាពលរដ្ឋនៅក្រុងស្រុកទាំង៥ខាងលើ ដែលមានដីធ្លីស្ថិតក្នុងប្លង់ដែលត្រូវកាត់ឆ្វៀលពីតំបន់២មកតំបន់១នេះនឹងមានសិទ្ធិចាត់ចែងលើប្លង់ដីកម្មសិទ្ធិរបស់ខ្លួន មានដូចជាការលក់ដូរ ការដាក់បញ្ចាំ ឬការផ្ទេរមរតកជាដើម។ ដូច្នេះសូមឲ្យប្រជាពលរដ្ឋចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់រដ្ឋបាលខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ ដើម្បីឲ្យដំណើរកាងារកាត់ឆ្វៀលដីនេះប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។

លោក ថោង ខុន បានបន្តថា ចំពោះដីតំបន់២ មានសជណលេខ ៥៥៣ ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៥ ដែលអនុញ្ញាតជាគោលការណ៍ឲ្យក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ធំសហការជាមួយក្រសួងស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីឆ្វៀលដីលំនៅដ្ឋាន និងដីកសិកម្មរបស់ប្រជាពលរដ្ឋនៅឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ ចេញពីតំបន់២មកតំបន់១ ដែលក្រុមការងារផ្នែកជំនាញ និងអាជ្ញាធរមានពិនិត្យសិក្សារួចហើយ។

ដូច្នេះនេះជាជោគជ័យ និងសមិទ្ធផលដ៏ធំធេងសម្រាប់រដ្ឋបាលខេត្តកំពង់ធំ និងសម្រាប់ប្រជាជនខេត្តកំពង់ធំ។ អ្វីដែលជាការមន្ទិលសង្ស័យ និងក្តីបារម្ភរបស់ប្រជាពលរដ្ឋដែលកើតមានតាំងពីឆ្នាំ២០១១មក គឺត្រូវបានដោះស្រាយ និងបញ្ចប់រួចរាល់ជាស្ថាពរ។ ម្យ៉ាងទៀត អាចនិយាយបានថា នេះជាកាដូរបស់រាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋខេត្តកំពង់ធំ មុនបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខ។

លោករដ្ឋមន្ត្រី ថោង ខុន បានស្នើយ៉ាងទទួចដល់ប្រជាពលរដ្ឋសូមកុំកាប់បំផ្លាញព្រៃលិចទឹក ប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់ និងសូមកុំនេសាទនៅរដូវត្រីពងកូន។ ម្យ៉ាងទៀតចំពោះកម្លាំងសមត្ថកិច្ចក៏ត្រូវបន្តបង្ក្រាបបទល្មើសនេសាទធំៗដែលនាំឱ្យប៉ះពាល់ដល់និរន្តរភាពត្រី មច្ឆជាតិ ជីវចម្រុះ ព្រៃលិចទឹកនៅបឹងទន្លេសាប ដើម្បីរួមគ្នាថែរក្សាការពារ និងបន្តនិរន្តរភាពមច្ឆជាតិ ព្រៃលិចទឹក ក៏ដូចជាបរិស្ថាននៅបឹងទន្លេសាបនេះទុកសម្រាប់កូនចៅជំនាន់ក្រោយៗឱ្យបានគង់វង្សយូរអង្វែង។

អាជ្ញាធរស្រុក ឃុំ ក៏ត្រូវបន្តផ្សព្វផ្សាយបន្ថែមដល់ប្រជាពលរដ្ឋអំពីព្រំរវាងតំបន់២ និងតំបន់៣ ដើម្បីកុំឱ្យប្រជាជនចូលទន្ទ្រានទាំងមិនដឹងខ្លួន ជៀសវាងការជាប់បទល្មើសជាដើម និងដើម្បីការពារផលប្រយោជនរបស់ប្រជាជនផង និងផលប្រយោជន៍តំបន់បឹងទន្លេសាបផង។

ថ្នាក់ដឹកនាំាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ក៏បានជំរុញឱ្យដាំស្ដារព្រៃឡើងវិញនៅតំបន់ជុំវិញបឹងទន្លេសាបឱ្យបានច្រើនថែមទៀត ខណៈមកដល់ពេលនេះការងារដាំកូនឈើនោះគឺសម្រេចបានរាប់ម៉ឺនដើមហើយ ក្នុងនោះមានកូនត្នោតនិងគ្រាប់ត្នោត ដើមរាំង ដើមឫស្សី ដើមរំដេញ ដើមត្រស់ ដើមអញ្ចាញ ដើមផ្គាំ ដើមថ្លើមអណ្ដើក ដើមបបួយ ដើមខ្នាយជាដើម៕