(សៀមរាប)៖ នៅឆ្នាំ១៩៨៩ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ក្នុងព្រះឋានៈជាព្រះប្រធាន​​ នៃក្រុមប្រឹក្សាជាតិជាន់ខ្ពស់នៃកម្ពុជា ទ្រង់បានអំពាវនាវដល់សហគមន៍អន្តរជាតិ ជាពិសេសអង្គការយូណេស្កូ ឲ្យជួយការពារនិងស្រោចស្រង់រមណីយដ្ឋានអង្គរជាបន្ទាន់។ តបតាមការអំពាវនាវនេះ គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ បានសម្រេចចុះបញ្ជីរមណីយដ្ឋានអង្គរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។

ដើម្បីកៀរគរជំនួយហិរញ្ញវត្ថុ និងបច្ចេកទេសសម្រាប់ការពារ ជួសជុល និងអភិរក្សឡើងវិញនូវប្រាង្គប្រាសាទ និងអភិវឌ្ឍរមណីយដ្ឋានអង្គរប្រកបដោយចីរភាព គណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ (International coordinating committee for the safeguarding and development of the historic site of angkor “ICC-ANGKOR”) ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៣ ដែលមានប្រទេសជប៉ុន និងបារាំងជាសហប្រធាន។

ជាបន្តបន្ទាប់មានបណ្តាប្រទេសជាច្រើនបានស្មគ្រចិត្ត ចូលរួមក្នុងកិច្ចការសង្គ្រោះ និងអភិរក្សប្រាង្គប្រាសាទក្នុងតំបន់ឧទ្យានអង្គរ។ ដោយឡែកប្រទេសជប៉ុន ក៏បានចូលរួមយ៉ាងសកម្មដែរ ដោយមានរដ្ឋាភិបាល និងស្ថាប័នផ្សេងៗមួយចំនួន បានមកបំពេញកិច្ចការ ក្នុងឧទ្យានអង្គរ ដើម្បីជួសជុលប្រាង្គប្រាសាទមួយចំនួន ក្នុងនោះសាកលវិទ្យាល័យសូហ្វីយ៉ាក៏បានមកធ្វើការជួសជុល អភិរក្សប្រាសាទបន្ទាយក្តី កំណាយស្រាវជ្រាវនៅស្ថានីយ៍ឡតានី និងជួសជុលស្ពានហាលខាងលិច ប្រាសាទអង្គរវត្តជាដើម។

ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត មានប្រវែង១៩០ម ទទឹង១១,៦០ម និងកម្ពស់៤ម សាងពីថ្មបាយក្រៀមក្រាលដោយកម្រាលថ្មភក់ និងលម្អដោយបង្កាន់ដៃនាគយ៉ាងល្អឯក គឺជាច្រកចូលដ៏សំខាន់ របស់ប្រាសាទអង្គរវត្ត។ ក្នុងអំឡុងទសវត្សទី៦០ សាលាបារាំងចុងបូព៌ា ដែលមានតួនាទីយ៉ាងសំខាន់ក្នុងកិច្ចការអភិរក្ស តំបន់អង្គរសម័យនោះ បានជួសជុលស្ពាននេះ មួយចំហៀងខាងត្បូងរួចរាល់ជាស្ថាពរ។ ចំណែកចំហៀងខាងជើងមានប្រវែង១៩០ម ទទឹង៥,៥មទៀត គឺមិនទាន់បានជួសជុលទេ។ ទើបតែនៅឆ្នាំ១៩៩៦ អាជ្ញាធរជាតិអប្សរា សហការជាមួយសាកលវិទ្យាល័យ សូហ្វីយ៉ានៃប្រទេសជប៉ុន ដែលដឹកនាំដោយលោកសាស្ដ្រាចារ្យ យ៉ូស៊ីអាគី អ៊ីស៊ីហ្សាវ៉ា បានបន្តកិច្ចការជួសជុលលើចំណែកដែលនៅសេសសល់ បានមួយកំណាត់ប្រវែង៩០មទៀត ដែលចំណាយពេលអស់១២ឆ្នាំ ដោយថវិកាជំនួយរបស់រដ្ឋាភិបាលជប៉ុន និងថវិកាជាតិតាមរយៈអាជ្ញាធរជាតិអប្សរា។

នៅក្នុងជំនួបកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥ ជាមួយឯកឧត្តមបណ្ឌិត ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោកសាស្ដ្រាចារ្យ យូស៊ីអាគី អ៊ីស៊ីហ្សាវ៉ា បានលើកឡើងពីគម្រោងជួសជុលស្ពានហាលក្នុងដំណាក់កាលទី២ជាបន្តទៀត ដោយភាគីជប៉ុននឹងផ្ដល់អ្នកជំនាញការបច្ចេកទេស ព្រមទាំងសម្ភារៈបច្ចេកទេសទំនើបៗ ដើម្បីងាយស្រួលក្នុងកិច្ចការជួសជុល។ ជាការរួមចំណែកសហការគ្នា អាជ្ញាធរជាតិអប្សរាទទួលបន្ទុកចំណាយ លើប្រាក់បៀវត្ស និងឧបត្ថម្ភផ្សេងទៀតសម្រាប់អ្នកជំនាញ៥នាក់ ជាងចម្លាក់៣០នាក់ កម្មករជំនាញ២០នាក់ និងនិយោជិត១៩នាក់ ផ្គត់ផ្គង់ប្រេងឥន្ធនៈ និងចំណាយសម្រាប់ថែទាំនិងជួសជុល ឡានស្ទូច និងរថយន្ត ព្រមទាំងទិញសម្ភារៈសម្រាប់គម្រោងដូចជា ថ្មបាយក្រៀម ថ្មភក់ និងគ្រឿងឧបករណ៍ផ្សេងៗទៀត ដើម្បីបម្រើការគម្រោងឲ្យដំណើរទៅដោយរលូន។ ម្យ៉ាងទៀត ដើម្បីជៀសវាងគ្រោះថ្នាក់ដល់ភ្ញៀវទេសចរ ដែលត្រូវធ្វើដំណើរឆ្លងកាត់ ក្នុងពេលកំពុងដំណើរការជួសជុល អាជ្ញាធរជាតិអប្សរានឹងទទួលបន្ទុក សាងសង់ផ្លូវវាងមួយជាបណ្តោះអាសន្ន សម្រាប់ភ្ញៀវទេសចរ។

ដោយឡែក នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៥កន្លងមកនេះ រដ្ឋាភិបាលជប៉ុនក៏បានផ្ដល់ជំនួយឥតសំណង ជាគ្រឿងចក្រធុនធ្ងន់ ជូនរាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការងារ ជួសជុលស្ពានហាលមុខអង្គរវត្តនេះ។ ពិធីប្រគល់ទទួលបានប្រារព្ធឡើង ក្នុងឱកាសនៃកិច្ចប្រជុំពេញអង្គ លើទី២២ របស់គណៈកម្មាធិការ អាយស៊ីស៊ីអង្គរ នៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយកដ្ឋានមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា និងឯកឧត្តម KUMAMARU Yuji ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា។ មិនត្រឹមតែផ្ដល់គ្រឿងចក្រទំនើប សម្រាប់ជាមធ្យោបាយក្នុងការជួសជុលស្ពានហាលប្រាសាទអង្គរវត្តប៉ុណ្ណោះទេ ភាគីជប៉ុនក៏បានបណ្ដុះបណ្ដាលផ្នែកបច្ចេកទេស លើការប្រើប្រាស់គ្រឿងចក្រទាំងនោះ ឲ្យចំទិសដៅប្រកបដោយប្រសិទ្ធភាព ចំពោះអ្នកបញ្ជាគ្រឿងចក្រទាំងនោះទៀតផង៕