(បាត់ដំបង)៖ កម្លាំងនគរបាលស្រុកបាណន់ ខេត្តបាត់ដំបងជាច្រើននាក់ ក្រោមការបញ្ជាផ្ទាល់ពីអភិបាលខេត្តលោក ច័ន្ទ សុផល និងស្នងការខេត្ត លោក ស ថេត បានប្រើពេល៣ម៉ោង នៅក្នុងទឹក ដើម្បីសង្រ្គោះជីវិត ក្មេងប្រុសម្នាក់ ដែលជាប់ផុងជើង ក្នុងរូងថ្មមួយហើយដកមិនរួច។

មន្រ្តីនគរបាលស្រុកបាណន់ បានឲ្យដឹងថា ក្មេងប្រុសរូបនោះមាន ឈ្មោះ គឿត ខេង អាយុ៨ឆ្នាំ បានដើរផុងជើងចូលរូងថ្ម ដកមិនរួច នៅវេលាម៉ោង៩៖៣០នាទីព្រឹក ថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចដងស្ទឹងសង្កែ ស្ថិតក្នុងស្រុកបាណន់ (មុខប្រាសាទបាណន់) ខេត្តបាត់ដំបង។

ព្រឹត្តិការណ៍នេះ រឹតតែមានការភ្ញាក់ផ្អើល ដោយសារគេឃើញមានវត្តមានលោក ច័ន្ទ សុផល អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ស្ថិតនៅទីនោះដែរ និងបានបញ្ជាផ្ទាល់តែម្តង។

នគរបាលស្រុកបាណន់ បានបញ្ជាក់ថា ដោយការខិតខំព្យាយាម​ពីសមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ឋ និងប្រជាពលរដ្ឋផង ក្មេងប្រុសរូបនេះ ត្រូវបានសង្គ្រោះដោយជោគជ័យ និងបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីពិនិត្យ ព្យាបាល​របួសបន្ត ក្រោមការជួយឧបត្ថម្ភពីអភិបាលខេត្ត។

លោក ជុំ ញ៉ អភិបាលស្រុកបាណន់ បានបញ្ជាក់ថា មុនពេលកើតហេតុក្មេងរងគ្រោះ​ បានចុះទៅមុជទឹកជាមួយជីតាឈ្មោះ ឈួន ឃឿប អាយុ៥៥ឆ្នាំ ហើយក៏កើតហេតុជាប់ជើងក្នុងរណ្តៅផ្អើលឆោឡោតែម្តង។

ក្មេងរងគ្រោះនេះមានឪពុកឈ្មោះ ឈួយ គឿត អាយុ៣៥ឆ្នាំ និងម្តាយឈ្មោះ យឿប យី អាយុ៣៥ឆ្នាំ រស់នៅភូមិកំប៉ង់កើតឃុំកន្ទឺ២ស្រុកបាណន់ មានកូនក្នុងបន្ទុក៤នាក់ តែបច្ចុប្បន្នឪពុកម្តាយក្មេងនោះ កំពុងទៅរកស៊ីនៅប្រទេសថៃ៕

Advertising