(ភ្នំពេញ)៖ ក្នុងគោលបំណងចូលរួម​កិច្ចការងារសង្គម និងគាំទ្រដល់​សកម្មភាព​មនុស្សធម៌ លើការផ្តល់​សេវាសុខា​ភិបាលជូន​ប្រជាពលរដ្ឋ​នៅតាមទី​ជនបទ​ដោយឥត​គិតថ្លៃ នាល្ងាចថ្ងៃទី ៧ ខែ​ឧសភា ឆ្នាំ២០១៦នេះ ក្រុមហ៊ុន Canon បានប្រគល់អំ​ណោយ​សប្បុរសធម៌ ជាទឹកប្រាក់ចំនួន ១០ម៉ឺនដុល្លារ​សហរដ្ឋអាមេរិក ដល់សមាគម​គ្រូពេទ្យស្ម័គ្រ​ចិត្តយុវជន​សម្តេចតេជោ។

លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) បានថ្លែងថា បេសកកម្មរបស់​សមាគមគឺ​ផ្តល់សេវាសុខាភិបាល​ដល់ប្រជាពលរដ្ឋក្រីក្រ​ដោយមិន​គិតប្រាក់ មិនប្រកាន់និន្នាការ​នយោបាយ ឫសាសនាអ្វីឡើយ។

កន្លងមកយើង​បានចុះព្យាបាលទៅតាមទីជនបទ បណ្តាខេត្តនានា តាមអង្គការក្មេង​កំព្រា តាមរោង​ចក្រ មិនតែប៉ុណ្ណោះ សមាគមបានបញ្ជូន​អ្នកជម្ងឺ​ដែលមានសភាព​ធ្ងន់ធ្ងរមកព្យាបាល​បន្តនៅភ្នំពេញ។

លោកបាន​បញ្ជាក់ថា ក្នុងនាមសមាគម និងប្តេជ្ញាក្នុងការផ្តល់​សេវាសុខាភិបាល​មនុស្សធម៌ ជូនដល់ប្រជាពល​ដើម្បីលើក​កម្ពស់សុខភាព​ប្រជាជន និងរួមចំណែក ការកាត់បន្ថយភាពក្រីក្រ​ជាមួយរាជរដ្ឋា​ភិបាល ហើយសង្ឃឹមថាក្រុមហ៊ុន Canon និងនៅជាដៃគូរ បន្តកិច្ចសហប្រតិបត្តិការ​នេះ​ជាមួយសមាគម​បន្តទៅទៀត។

លោក Konishi ប្រធាន​ក្រុមហ៊ុនCanon Singapore បានឲ្យដឹងថា ក្រុមហ៊ុនCanon ជាក្រុមហ៊ុនមួយដែលមិន​គិតតែពីប្រាក់​ចំណេញនោះទេ ក្រុមហ៊ុនតែងតែ​ចូលរួមជាមួយការងារ​សង្គមក្នុង​ប្រ​ទេស​​ដែលក្រុមហ៊ុនបានវិនិយោគ ហើយ លោករីករាយណាស់ ដែលមានឱកាស បានចូលរួមជួយឧបត្ថម ទៅដល់សមាគម ដោយសាតែលោកបានឃើញផ្ទាល់ អំពីសកម្មភាពមនុស្សធម៌នានា របស់​សមាគម​គ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ដែលបានចុះជួយ​ព្យាបាលជម្ងឺផ្ទាល់ទៅដល់ប្រជាពលរដ្ឋក្រីក្រ​នៅតាមមូលដ្ឋាន​ទូទាំងប្រទេស ដោយមិន​យកថវិកា ។

សូមរំលឹកដែរថា នេះជាលើក​ទីពីរហើយដែលក្រុមហ៊ុន Canon ប្រគល់អំណោយសប្បុរសធម៌​ដល់សមាគមគ្រូពេទ្យស្ម័គ្រ​ចិត្តយុវជន​សម្តេចតេជោ៕

Advertising