(ភ្នំពេញ​)៖ ​​អ្នក​នាំពាក្យ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ បានឲ្យដឹងថា មន្ត្រីក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា​ (​CDC) លោក​ ​ឡាយ ថា​រ័ត្ន​ ត្រូវ​បាន​លោក​ យិន​ សារឿន​ ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ នៅ​ថ្ងៃទី​៨​ ខែ​ឧសភា​ ឆ្នាំ​២០១៦​ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​វិតិក្រម​។ អង្គ​ភាព​ប្រឆាំង​អំពើ​ពុករលួយ​ (ACU) ដែល​ជា​អ្នក​ឃាត់​ខ្លួន​លោក​ ឡាយ​ ថារ័ត្ន​ រក​ឃើញ​ថា​ លោក​ ឡាយ​ ថារ័ត្ន​ បាន​ទាមទារ​ប្រាក់​លើស​តម្លៃ​សេវា​កំណត់​របស់​រដ្ឋ​នៅ​ក្នុង​ឯកសារ​ ដែល​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​របស់ CDC។

ព្រះ​រាជ​អាជ្ញា​រង​ និង​ជា​អ្នក​នាំពាក្យ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ លោក​ លី​ សុផាណា​ បាន​ថ្លែង​នៅ​ថ្ងៃទី​៨​ ខែ​ឧសភា​ ថា​ លោក​ ឡាយ​ ថារ័ត្ន​ ត្រូវ​បាន​តំណាងអយ្យការបានបញ្ចប់ការសួរចម្លើយ និងក្រោយពីបានពិនិត្យឯកសារចប់សព្វគ្រប់លើសំណុំរឿង ដែលបញ្ជូនពីអង្គភាពប្រឆាំងអំពើពុករលួយ ហើយបានសម្រេចបើកការស៊ើបសួរដោយចោទប្រកាន់លើឈ្មោះ ឡាយ ថារត្ន័ ពីបទ វិតិក្រម តាមមាត្រា ៥៩២ និងមាត្រា ៥៩៣ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅរាជធានីភ្នំំពេញ កាលពីខែ មេសា ឧសភា ឆ្នាំ ២០១៦ ។

បទល្មើស​វិតិក្រម​ កំណត់​ការ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​២ឆ្នាំ​ទៅ​៥ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​ពី​៤លាន​រៀល​ទៅ​១០លាន​រៀល​ ៕