(កំពង់ចាម)៖ លោកឧត្តមសេនីយ៍ បែន រ័ត្ន ស្នងការនគរបាលខេត្តកំពង់ចាម បានថ្លែងប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី៨ ខែឧសភានេះថា នៅម៉ោង១០៖០០នាទីយប់មិញ កម្លាំង​នគរបាល​របស់លោក បានចាប់រថយន្ត Lexus RX 330 ដឹកឈើគ្រញូង១គ្រឿង ពណ៌ស ពាក់ស្លាកលេខ តាកែវ 2A-0869 នៅចំណុចភូមិសំរោងជ័យ ឃុំសំរោងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម រួមទាំងឃាត់ខ្លួនអ្នកបើកបរ និងអ្នករួមដំណើរ ចំនួន២នាក់ផងដែរ។

លោកឧត្តមសេនីយ៍ បែន រ័ត្ន បានថ្លែងថា ការចាប់រថយន្តដឹកឈើគ្រញូងនេះ ធ្វើឡើងបន្ទាប់ពីមានការសុំសហការពីកម្លាំង នគរបាលខេត្តកំពង់ធំ ថា មានរថយន្តល្មើសបាន បើករថយន្តមកដល់​ទឹកដីខេត្តកំពង់ចាម។

លោកឧត្តមសេនីយ៍ ស្នងការបានបញ្ជាក់ថា ជនសង្ស័យទាំងពីរមានឈ្មោះ ឈិន ធា ភេទប្រុស អាយុ២១ឆ្នាំ ជាអ្នកបើកបរ មានទីលំនៅក្នុងខេត្តកំពត និងម្នាក់ទៀតមានឈ្មោះ ផ្លុង ហាន ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅខេត្តកំពង់ចាម។

បច្ចុប្បន្នទាំងរថយន្ត ទាំងឈើគ្រញូង ព្រមទាំងជនសង្ស័យ នគរបាលខេត្តកំពង់ចាម បានប្រគល់ជូននគរបាលខេត្តកំពង់ធំវិញហើយ នៅព្រឹកថ្ងៃទី៨ ខែឧសភានេះ៕

Advertising