(ភ្នំពេញ)៖ អ្នកឧកញ៉ា ហុង ពីវ និងភរិយា អគ្គនាយកក្រុមហ៊ុនពិភពថ្មីគ្រុប ម្ចាស់បុរីពិភពថ្មី និងជាម្ចាស់គ្រឹះស្ថានហិរញ្ញវត្ថុពិភពថ្មី បានឧបត្ថម្ភដល់កាកបាទក្រហមកម្ពុជា ១លាន២សែន​៨ម៉ឺនដុល្លារ​អាមេរិក។ ការឧបត្ថម្ភរបស់អ្នកឧកញ៉ា ហុង ពីវ និងភរិយា បានក្លាយជាអ្នកឧបត្ថម្ភច្រើនជាងគេបំផុត ដល់កាកបាទក្រហមកម្ពុជាក្នុងឱកាសប្រារព្ធខួបលើកទី១៥៣ ទិវាកាកបាទក្រហម និងអឌ្ឍចន្ទក្រហមឆ្នាំ២០១៦នេះ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានហៅការជួយឧបត្ថម្ភរបស់សប្បុរសជនដល់កាកបាទក្រហមកម្ពុជា គឺជាការចូលរួមចំណែក ដ៏ធំធេង ដើម្បីដោះស្រាយបញ្ហា និងផលលំបាករបស់​ប្រទេសជាតិ ក៏ដូចជាជួយដល់ប្រជាពលរដ្ឋ ដែលកំពុងជួបទុក្ខលំបាកផងដែរ។ សម្តេចតេជោ បានចាត់ទុកការឧបត្ថម្ភទាំងនេះ គឺជាសិល្បៈ នៃការចែករំលែក និងជាការផ្សារភ្ជាប់រវាងអ្នកគ្មានលទ្ធភាព និងអ្នកមានលទ្ធភាព។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណផងដែរ ដល់សម្បុរសជនទាំងអស់ ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួន ដើម្បីចូលរួមចំណែកជួយសង្រ្គោះប្រជាពលរដ្ឋពីគ្រោះមហន្តរាយនានា។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏បានយកឱកាសប្រារព្ធខួប១៥៣ឆ្នាំ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហមនេះ អំពាវនាវទៅដល់សប្បុរសជន​បន្តជួយឧបត្ថម្ភគាំ​ទ្របន្ថែមទៀត ដើម្បីចូលរួមចំណែកជួយដល់ប្រជាពលរដ្ឋកម្ពុជា ដែលជួបទុក្ខលំបាក៕

Advertising