(សៀមរាប)៖ គម្រោងតុក្កតាយក្ស ដែលរៀបចំឡើងដោយអភិបាលស្រុកបន្ទាយស្រី គ្រោងរៀបចំដង្ហែក្បួននៅថ្ងៃទី១៣ ខែមេសា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ។

មន្ត្រីរដ្ឋបាលស្រុកបន្ទាយស្រីបានឱ្យដឹងថា គម្រោងតុក្កតាយក្ស គ្រោងរៀបចំពិធីដង្ហែជាផ្លូវការនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ លើកំណាត់ផ្លូវក្នុងភូមិព្រះដាក់ ដើម្បីបង្ហាញដល់សាធារណជនកម្សាន្ត។

កន្លងមក លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រីបានប្រកាសថា តុក្កតាយក្សនេះ រៀបចំឡើងដោយរដ្ឋបាលស្រុក និងក្រុមការងារ។ ដើមឡើយគម្រោងតុក្កតាយក្ស គ្រោងធ្វើដើម្បីអបអរទិវាវប្បធម៌ជាតិលើកទី២៤ និងទិវាសិទ្ធិនារីអន្តរជាតិ។ តែគម្រោងនេះត្រូវបានអាក់ខានវិញ ដោយសារអំឡុងពេលនោះ មានការរាលដាលជំងឺកូវីដខ្លាំង។

តុក្កតាយក្សនេះ ធ្វើឡើងពីផ្តៅ រពាក់ ឬស្សី ក្រដាស់ពណ៌ និងមានការបង្កប់អំពូលភ្លើងខាងក្នុង ព្រមទាំងមានកង់រទេះទម្រពីក្រោមសម្រាប់ការដង្ហែរក្បួនផងដែរ។ រូបតុក្កតាមានទម្រង់ខុសៗគ្នា មានរូបសត្វខ្លា តំណាងឆ្នាំខាល រូបល្ខោនខោល រូបស្រ្តីគ្រប់លក្ខណ៍នៃប្រាសាទបន្ទាយស្រី រូបសត្វខ្សឹប ដែលជាសត្វជិតផុតពូជ រូបខ្នែងឯក រូបសត្វនាគ រូបអ្នកលក់នំបញ្ចុក រូបអ្នករែកទឹកត្នោត និងរូបផ្លែត្រសក់ផ្អែម។

តាមការបញ្ជាក់ពីលោក ឃឹម ហ្វីណង់ តុក្កតាយក្សទាំងនេះ គឺជារូបត្លុកទីងមោងកំប្លែងបែបសិល្បៈ ដែលមានកាយវិការបង្កបរិយាកាសរីករាយដល់អ្នកទស្សនា។

ការជ្រើសរើសរូបទាំងនេះ លោក ហ្វីណង់ បញ្ជាក់ថា ក៏ត្រូវផ្ចិតផ្ចង់ និងមានបង្កប់អត្តន័យខ្លឹមសារតំណាងឱ្យសិល្បៈវប្បធម៌ បរិស្ថាន អត្តសញ្ញាណនៅក្នុងស្រុកបន្ទាយស្រី និងភាពច្នៃប្រឌិតនៃការបង្កើតថ្មីផងដែរ។ សំខាន់នៃរូបតុក្កតានេះ គឺផលិតដោយផ្ទាល់ដៃពីកុមារ យុវជនយុវនារី បុគ្គលិកនៃក្រុមហ៊ុនឧបត្ថម្ភ មហាជនទូទៅ ក្រោមការដឹកនាំ និងត្រួតពិនិត្យដោយក្រុមសិល្បករជំនាញមកពីសាលាហ្វារពន្លឺសិល្បៈខេត្តបាត់ដំបង៕