(ភ្នំពេញ)៖ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ ឈឺន ស្រីម៉ាច បាននាំយកអំណោយសប្បុរសធម៌ជាថវិកាចំនួន២,០០០,០០០ដុល្លារអាមេរិក ប្រគល់ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសអបអរខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២២។

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ ឈឺន ស្រីម៉ាច បានឱ្យដឹងថា នេះគឺជាកិត្តិយសមួយសម្រាប់អ្នកឧកញ៉ា និងលោកជំទាវ ក្នុងនាមជាក្រុមហ៊ុនក្នុងស្រុកដែលអាចចូលរួមទ្រទ្រង់សកម្មភាពមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា ដើម្បីជួយសម្រួលទុក្ខលំបាករបស់ប្រជាពលរដ្ឋខ្មែរដែលរងគ្រោះនិងជួបបញ្ហាផ្សេងៗ ស្របតាមប្រធានបទនៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំនេះ គឺ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហាប្រឈមនានា និងបន្តពង្រឹងភាពធន់សហគមន៍»

គួរបញ្ជាក់ផងដែរ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ ឈឺន ស្រីម៉ាច តែងឧបត្ថម្ភទៅកាន់កាកបាទក្រហមកម្ពុជាជារៀងរាល់ឆ្នាំ ជាពិសេសជានិច្ចកាលបានចូលរួមយ៉ាងសកម្មក្នុងការគាំទ្រដល់យុទ្ធនាការសប្បុរសធម៌របស់រាជរដ្ឋាភិបាល ព្រមទាំងបានដាក់ចេញនូវកម្មវិធីមនុស្សធម៌ជាច្រើន ដើម្បីរួមចំណែកទ្រទ្រង់សង្គមជាតិ៕