(រតនគិរី)៖ លោក ញ៉ែម សំអឿន អភិបាលខេត្តរតគិរី បានបើកកិច្ចប្រជុំពិភាក្សា ដើម្បីត្រៀមរៀបចំការធ្វើសង្រ្កាន្តឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ គ.ស២០២២។

ក្នុងកិច្ចប្រជុំដែលបានធ្វើឡើងនៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ លោក ញ៉ែម សំអឿន បានឲ្យដឹងថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មៃរ ដែលនឹងចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ រដ្ឋបាលខេត្តនឹងរៀបចំធ្វើសង្រ្កាន្តឆ្នាំថ្មី មានឈ្មោះថា «សង្រ្កាន្តរតនគិរី» នៅបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ជាការអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២២។

រដ្ឋបាលខេត្តនឹងមានរៀបចំ ពិធីក្រុងពាលី ដើម្បីទទួលទេវតាឆ្នាំថ្មី, មានការសម្ដែងរបាំជូនពរ, របាំបងប្អូនជនជាតិដើមភាគតិច ការលេងល្បែងប្រជាប្រិយសប្បាយៗមួយចំនួន និងមានការប្រគំតន្រ្ដី សម្រាប់ប្រជាពលរដ្ឋ រាំលេងកម្សាន្ដ និងមានការតាំងពិព័រណ៍ផ្សេងៗ មកដាក់តាំងលក់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឲ្យមានភាពអធិកអធម។ ជាងនេះទៅទៀត រដ្ឋបាលខេត្តនឹងរៀបចំដាក់ភ្លើងពណ៌លម្អទៅតាមដងផ្លូវសំខាន់ៗក្នុងខេត្ត នៅតាមសួន និងដើមឈើនៅជុំវិញសាលាខេត្តឲ្យឆ្លុះគ្រប់ពណ៌ ដើម្បីទាក់ទាញឲ្យភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋក្នុងខេត្តរតនគិរី និងមានការបាញ់កាំជ្រួចនាពេលរាត្រីផងដែរ។

ទន្ទឹមនឹងនោះដែរលោកអភិបាលខេត្ត បានឲ្យរដ្ឋបាលក្រុង ស្រុកនិងមន្ទីរអង្គភាពជុំវិញខេត្តទាំងអស់ ត្រូវចុះរៀបចំធ្វើអនាម័យ សម្អាតបរិវេណអង្គភាពរៀងៗខ្លួន និងត្រូវរៀបចំដាក់ទង់ជាតិ ទង់ជ្វាលា ព្រមទាំង មានលម្អភ្លើងពណ៌ចម្រុះ ឲ្យបានស្អាតល្អ។ ដោយឡែក អាជ្ញាធរគ្រប់លំដាប់ថ្នាក់សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ត្រូវរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋឲ្យបានល្អ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ៕