(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញជាអធិបតីភាព នៅក្នុងពិធីរំលឹកខួបទី១៥៣ នៃទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ដែលត្រូវរៀបចំឡើង នៅស្នាក់ការកណ្តាល របស់កាកបាទក្រហមកម្ពុជា។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវឲ្យធ្វើសកម្មភាពព្រមៗគ្នាទាំងកាកបាទក្រហម អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ បន្តធ្វើសកម្មភាពជីកអណ្តូងថ្មី ជីស្រះថ្មី ស្តារអណ្តូងចាស់ ស្តារស្រះចាស់ ដែលបញ្ហានេះមិនមែនជាបញ្ហាសាមញ្ញនោះទេ។ សម្តេចក៏បានថ្លែងអំណរគុណ ដល់កាកបាទក្រហមកម្ពុជា ដែលបានចូលរួយដោះស្រាយបញ្ហាឆ្លើយតបទៅនឹងផលលំបាក ដែលប្រជាពលរដ្ឋកំពុងជួបប្រទះ។ សម្តេចបានហៅការជួយរបស់កាកបាទក្រហមកម្ពុជា គឺជាផ្តល់ផលពិតប្រាកដទៅដល់ប្រជាពលរដ្ឋ និងមិនចេះរីងស្ងួត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលបាននិងកំពុងគិតគូរដោះស្រាយផលប៉ះពាល់មកពីបម្រែបម្រួលអាកាសជាកញ្ចប់ ដើម្បីឆ្លើយតបការប្រែប្រួលអាកាសធាតុ ដែលផ្ទុយពីពេលមុនត្រូវបានគិតគូរដោះស្រាយតាមផ្នែកៗ តែបញ្ហាបម្រែបម្រួលអាកាសធាតុកាន់តែធ្ងន់ធ្ងរទៅ ហើយបញ្ហាប្រឈមកាន់តែមានច្រើន ដែលតម្រូវឲ្យមានការគិតគូរឲ្យបានម៉ត់ចត់ជាងមុន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់សប្បុរសជន យុវជន ប្រជាពលរដ្ឋ និងដៃគូទាំងអស់ ដែលបានចូលរួមជាមួយកាកបាទក្រហម ដើម្បីផ្តល់លទ្ធភាពឲ្យកាកបាទក្រហមធ្វើសកម្មភាពដោះស្រាយបញ្ហា និងទុក្ខលំបាករបស់ប្រជាពលរដ្ឋ។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថា នៅវេលាម៉ោង ៨៖៥០នាទី៕