(កណ្ដាល)៖​ ជនសង្ស័យជាមុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀនម្នាក់ រួមជាមួយថ្នាំ១០កញ្ចប់ ត្រូវបានសមត្ថកិច្ចស្រុកស្អាងឃាត់ខ្លួនបាន នាម៉ោង១០៖១០នាទីយប់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៦នេះ ត្រង់ចំណុចភូមិថ្លុល ឃុំត្រោយស្លា ស្រុកស្អាងខេត្តកណ្ដាល។

 លោកវរៈសេនីយ៍ទោ សេង សុជាតិ អធិការនគរបាលស្រុកស្អាងបានប្រាប់ថា មុនពេលកើតហេតុកម្លាំងរបស់លោក បានចេញល្បាតក្នុងមូលដ្ឋាន ក៏ប្រទះឃើញជនសង្ស័យខាងលើនេះ កំពុងតែជិះម៉ូតូ ឃើញដូច្នេះកម្លាំងរបស់លោកហៅសួរ រួចធ្វើការត្រួតពិនិត្យ ឃើញថ្នាំញៀន១០កញ្ចប់ រួមជាមួយនឹងសម្ភារៈជាច្រើនទៀត ពេលនោះកម្លាំងរបស់លោក បានឃាត់ខ្លួនយកមកសាកសួរតែម្តង ។

លោកអធិការបានបន្ដទៀតថា ជនសង្ស័យដែលឃាត់ខ្លួន ខាងលើឈ្មោះ ស៊ីង ដារី ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរកសិករ ទីលំនៅភូមិទួលក្ដី ឃុំត្រោតស្លា ស្រុកស្អាង ខេត្តកណ្ដាល។ បច្ចប្បន្នជនសង្ស័យរួមជាមួយ និងវត្ថុតាងត្រូវបានបញ្ជូនខ្លួន ទៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕