(ភ្នំពេញ)៖ លោក ហុក ពៅ ចៅក្រមស៉ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២ ម្សិលមិញ បានសម្រេចមិនឃុំខ្លួនអតីតបុគ្គលិកក្រុមហ៊ុន CP ម្នាក់ពាក់ព័ន្ធសំណុំរឿងរំលោភទំនុកចិត្ត។ នេះបើតាមការបញ្ជាក់ពីសមត្ថកិច្ចជំនាញ។

ជនត្រូវចោទមានឈ្មោះ ឈិត ឈុយ ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅផ្ទះលេខ១អាអឺ០ ផ្លូវ៣៣៨ ភូមិ៣ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវបានកម្លាំងសមត្ថកិច្ច នៃស្នងការនគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនតាមបណ្ដឹងរបស់តំណាងក្រុមហ៊ុន CP ពីបទ រំលោភលើទំនុកចិត្ត លួចលុយក្រុមហ៊ុនចំនួន ១៦,៥០៩ដុល្លារ។

ប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ដោយមានការឯកភាពពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងនគរបាលជំនាញ បានឃាត់ខ្លួនជនត្រូវចោទឈ្មោះ ឈិត ឈុយ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២កន្លងទៅ តាមពាក្យបណ្ដឹងរបស់តំណាងក្រុមហ៊ុន CP។

ប្រភពបន្ថែមថា នៅពេលបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តំណាងអយ្យការបានបើកការស៉ើបសួរ និងសម្រេចចោទប្រកាន់លើជនត្រូវចោទ រួចបញ្ជូនសំណុំរឿងទៅឱ្យលោកចៅក្រម ហុក ពៅ ចាត់ការបន្តតាមផ្លូវច្បាប់ ដោយមានការស្នើសុំឱ្យចៅក្រមស៉ើបសួរសម្រេចឃុំខ្លួនឈ្មោះ ឈិត ឈុយ ជាបណ្ដោះអាសន្នផងដែរ ប៉ុន្តែលោកចៅក្រមមិនសម្រេចតាមការសំណើរបស់តំណាងអយ្យការនោះឡើយ៕