(ភ្នំពេញ)៖ សមាជិកក្រុមគ្រួសារសព ដែលស្លាប់ដោយសារជំងឺកាចសាហាវកូវីដ-១៩ ចំនួន១២គ្រួសារ រស់នៅតាមបណ្ដាភូមិ-សង្កាត់ផ្សេងៗគ្នា ក្នុងខណ្ឌឬស្សីកែវ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ បានទទួលអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកា ដើម្បីសម្រួលដល់ជីវភាព ដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈលោក ឯក ឃុនដឿន អភិបាលខណ្ឌ។

ក្នុងសកម្មភាពសមធម៌ប្រគល់ និងទទួលអំណោយនេះ ក៏មានការចូលរួមពីលោកស្រី សួស សូលីដា អភិបាលរងខណ្ឌ ប្រធាន អនុប្រធានការិយាល័យជុំនាញ និងអស់លោក-លោកស្រីចៅសង្កាត់ ចៅសង្កាត់រង និងមេភូមិផងដែរ។

លោក ឯក ឃុនដឿន ស្ថិតក្នុងសកម្មភាពជួបសួរសុខទុក្ខ សំណេះសំណាល និងឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ និងថវិការបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដល់សមាជិកក្រុមគ្រួសារសព ដែលមរណៈភាពដោយសារជំងឺកូវីដ១៩ ទាំង១២គ្រួសារនេះដែរ បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចតែងគិតគូរពីសុខទុក្ខរបស់បង-ប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់ វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឫនិន្នាការនយោបាយឡើយ ពោលឱ្យតែមានបង-ប្អូនប្រជាពលរដ្ឋ ជួបការលំបាកខ្វះខាត ជាជនចាស់ជរាទីទាល់ និងស្ត្រីមេម៉ាយគ្មានទីពឹង ឫជួបគ្រោះមហន្តរាយផ្សេងៗ។

បន្ថែមពីនេះ លោក ឯក ឃុនដឿន បានជំរុញបន្ថែមទៀតឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អប្រសើរតាមរយៈការបន្តអនុវត្តវិធានការផ្សេងៗ របស់ក្រសួងសុខាភិបាល ពិសេស វិធានការ «៣កុំ និង៣ការពារ ហើយនឹង២ចូលរួម» របស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា រួមមាន៖ *៣ការពារ (១.ពាក់ម៉ាស ២.លាងសម្អាតដៃឲ្យបានញឹកញាប់ ៣.គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ចាប់ពី១ម៉ែត្រកន្លះឡើងទៅ)។
*៣កុំ (១.កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប្រើម៉ាស៊ីនត្រជាក់ច្រើនពេក ២.កុំទៅកន្លែងមានមនុស្សច្រើនកុះករ ៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម) ហើយនិង២ចូលរួម (១.ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ២.ស្កេនកូដទីតាំងទប់ស្កាត់ជំងឺកូវីដ-១៩)។

សមាជិកក្រុមគ្រួសារសព ដែលស្លាប់ដោយសារជំងឺកាចសាហាវកូវីដ-១៩ ទាំង១២គ្រួសារ សូមគោរពជូនពរ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បន្ទាប់ពីពួកគាត់ទទួលបានការឧបត្ថម្ភ ដើម្បីដោះស្រាយក្នុងជីវភាព មានដូចជា ថវិកា២លានរៀល, អង្ករ២៥គីឡូក្រាម, មី១កេស, ទឹកត្រី១យួរ, ត្រីខ១យួរ ក្នុង១គ្រួសារៗ ស្មើៗគ្នា៕