(កណ្ដាល)៖ លោក នូ សុវណ្ណារ៉ា អភិបាលក្រុងតាខ្មៅ បានសំណូមពរប្រជាពលរដ្ឋ កុំបោះសំរាមចូលទន្លេ បឹង ឬព្រែក ព្រោះបង្កឲ្យទឹកកខ្វក់ គ្មានអនាម័យ និងប៉ះពាល់ដល់បរិស្ថានយ៉ាងធ្ងន់ធ្ងរ ។

លោកថ្លែងបែបនេះ ពេលអង្គការសម្អាតទន្លេ និងសមុទ្រ ដឹកនាំដោយលោក នូ សុវណ្ណ ជាប្រធាន សហការជាមួយអាជ្ញាធរក្រុងតាខ្មៅ បានចុះសម្អាតសំរាមនៅតាមទន្លេបាសាក់ ព្រមទាំងលែងត្រីមេពូជ និងកូនត្រីជាច្រើនក្បាល នៅថ្ងៃឯករាជត្រីពិភពលោក ដែលបានធ្វើឡើងនៅថ្ងៃ០៣ ខែមេសា ឆ្នាំ២០២២ ។

ស្ថិតក្នុងឱកាសនេះ លោក នូ សុវណ្ណរ៉ា បានថ្លែងថា បេសកកម្មសំអាតទន្លេជាប្រវត្តិសាស្ត្រនេះបង្កើតឡើងដោយអង្គការ River Ocean Cleanup &everwave សហការជាមួយគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត នៃក្រសួងទេសចរណ៍ ក្រសួង បរិស្ថាន និងសាលាខេត្តកណ្តាល ។

លោកបានបន្តថា បេសកកម្មនេះបង្កើតឡើងក្នុងគោលបំណង បញ្ចប់បញ្ហាសំរាម និងលើកកម្ពស់ធនធានធម្មជាតិជីវៈចម្រុះក្នុងទន្លេដូចជា
ការសំអាតទន្លេដោយប្រើទូកប្រមូលសំរាម Moringa by Landmarken ហើយកំពុង ដំណើរការប្រមូលសំរាមក្នុងទន្លេបាសាក់ ដែលមានសំរាមលាយឡំគ្រប់ប្រភេទ ដែលមានទាំងសំរាម បោះចោលជាច្រើនឆ្នាំមកហើយ និងសំរាមដែលទើបបោះចោលថ្មីៗ។ សំរាមភាគច្រើនមានដូចជាថង់ ប្លាស្ទិក ដប ស្មៅ បាវ ក្រណាត់ កំប៉ុងអាលុយមីញ៉ូម សំរាមបណ្តែត ដោយសារអបិយជំនឿ សំរាមមួយចំនួនធំ ត្រូវបានលេចដល់បាតទឹកបង្កការលំបាកក្នុងការសំអាត និងបំពុលបរិស្ថានយ៉ាងធ្ងន់ធ្ងរ ។

«សូមប្រជាពលរដ្ឋទាំងអស់ ចូលរួមធ្វើអនាម័យបរិស្ថានឲ្យបានគ្រប់ៗគ្នា និងមិនត្រូវបោះសំរាមចូលក្នុងទន្លេ បឹង ព្រែកឡើយ ព្រោះបង្កឲ្យទឹកកខ្វក់ គ្មានអនាម័យ និងប៉ះពាល់ដល់បរិស្ថានយ៉ាងធ្ងន់ធ្ងរ»។ អភិបាលក្រុងតាខ្មៅគូសបញ្ជាក់។

ក្នុងឱកាសនោះដែរលោក នូ សុវណ្ណ នាយកប្រតិបត្តិ អង្គការសំអាតទន្លេ និងសមុទ្រ បានបញ្ជាក់ថា បេសកកម្មសំអាតទន្លេជាប្រវត្តិសាស្ត្រនេះ ផ្ដោតសំខាន់លើការប្រមូលសំរាមចេញពីទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ឲ្យអស់ ដោយមិនផ្តោតទៅ លើទំងន់ ទំហំឬរយៈពេល រាជធានីភ្នំពេញ ខេត្តកណ្តាល និងបណ្តាខេត្តទេសចរណ៍ទាំងអស់ ជាតំបន់អទិភាព ហើយយើងនឹងបន្តសំអាតសំរាមក្នុងទន្លេនៅទូទាំងប្រទេស ។

លោកបានថ្លែងបន្តថា ថ្ងៃឯករាជត្រីពិភពលោក បានបង្កើតឡើងសម្រាប់ប្រជាពលរដ្ឋទូទាំងពិភពលោករួមគ្នាក្នុងស្មារតី សាងអំពើល្អ រួមគ្នាប្រលែងត្រីចូលក្នុងប្រភពទឹកធម្មជាតិ ពិសេស ទន្លេ សមុទ្រដើម្បីទ្រទ្រង់សុវត្ថិភាពស្បៀងអាហាររបស់ប្រទេសនីមួយៗ។

លោកបន្តថា ខេត្តកណ្តាលមានលក្ខណ:ពិសេសដោយទន្លេទាំង៣ហូរកាត់ ដូចជាទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ បានផ្តល់នូវសក្តានុពល ភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋក្នុងការទាញយកផលប្រយោជន៍ពីប្រភពទន្លេទាំងអស់ ទឹកសម្រាប់បរិភោគប្រើប្រាស់ នេសាទ កសិកម្ម ឧស្សាហកម្ម ជាដើម។

លោកបានបន្ថែមថា អង្គការសំអាតទន្លេ និងសមុទ្រ ជាដៃគូអភិវឌ្ឍន៍របស់រាជរដ្ឋភិបាល បានជួយជ្រោមជ្រែងដោះស្រាយ បញ្ហា ដោយសំអាតសំរាមដែលត្រូវបានក្រុមជនអគតិបោះចោលក្នុងទឹកទន្លេ និងបានជួយបង្កើន ការយល់ដឹងក្នុងចំណោមប្រជាពលរដ្ឋរស់តាមដងទន្លេ ស្តីពីការទុកដាក់សំរាមតាមផ្ទះឲ្យបានត្រឹមត្រូវ និងគាំទ្រការអនុវត្តច្បាប់ផងដែរ ៕