(ភ្នំពេញ)៖ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បានគូសបញ្ជាក់ថា ការប្រមូលចំណូលពន្ធដ៏ច្រើនលើសលុបរបស់ពន្ធដារ ការឆ្លុះបញ្ចាំង ឲ្យឃើញនូវវីរភាពអង់អាចក្លាហាន និងសមត្ថភាពខ្ពស់របស់ថ្នាក់ដឹកនាំនិងមន្ត្រី របស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងការអនុវត្តគោលនយោបាយ កំណែទម្រង់ស៊ីជម្រៅមុតស្រួច របស់រាជរដ្ឋាភិបាល។

នេះបើតាមលិខិតចូលរួមអបអរសាទរ ចំពោះជ័យជំនះដ៏វិសេសវិសាល របស់អគ្គនាយកដ្ឋានពន្ធដារ របស់លោកបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាល និងលោកបណ្ឌិត លី ឆេង ប្រធានគណៈប្រតិបត្តិ នៃសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២។

ជាមួយគ្នានេះ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ក៏សូមចូលរួមសំដែង នូវទឹកចិត្តសោមនស្សរីករាយជាពន់ពេក ចំពោះការសម្រេចបាននូវសមិទ្ធផល ចំណូលពន្ធដារដ៏ច្រើន លើសលប់សម្រាប់ឆ្នាំ២០២១ របស់អគ្គនាយកដ្ឋានពន្ធដារ ក្រោមការដឹកនាំផ្ទាល់របស់ លោក គង់ វិបុល រដ្ឋមន្រ្តីប្រតិភូ អមនាយករដ្ឋមន្រ្តី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ។

ក្នុងលិខិតអបអរសាទរ បានបញ្ជាក់យ៉ាងដូច្នេះថា «ជ័យជំនះដ៏ត្រចះត្រចង់នេះ ក៏ដូចជាជ័យជំនះទាំងឡាយរបស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងរយៈពេល ជិត១០ឆ្នាំ កន្លងទៅនេះ គឺជាការឆ្លុះបញ្ចាំងឲ្យឃើញ នូវវីរភាពអង់អាចក្លាហាន និងសមត្ថភាពខ្ពស់របស់ឯកឧត្តម ក្នុងការដឹកនាំអគ្គនាយកដ្ឋានពន្ធដារ អនុវត្តគោលនយោបាយកំណែទម្រង់ស៊ីជម្រៅមុតស្រួច របស់រាជរដ្ឋាភិបាលប្រកបដោយជោគជ័យ ដើម្បីធ្វើទំនើបកម្ម និងបង្កើតសមត្ថភាព អគ្គនាយកដ្ឋានពន្ធដារ រហូតមកទល់ពេលនេះ»

សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បានឲ្យដឹងទៀតថា កត្តាជ័យជំនះសំខាន់ៗទាំងនោះ គឺមានដូចជាការប្រកាន់យកនូវជំហរប្រសិទ្ធភាព នៃការដឹកនាំ និងការប្រកាន់យកនូវគោលការណ៍អភិបាលកិច្ចល្អ និងរដ្ឋបាលកិច្ចល្អ ព្រមទាំងកិច្ចខិតខំប្រឹងប្រែងប្តេជ្ញាចិត្តខ្ពស់ប្រកបដោយឆន្ទៈមោះមុត និងស្មារតីបុរេសកម្មរបស់លោក គង់ វិបុល ក្នុងឋានៈជាអ្នកដឹកនាំអគ្គនាយកដ្ឋានពន្ធដារ៕

ខាងក្រោមនេះ ជាលិខិតចូលរួមអបអរសាទរ របស់សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដែលមានខ្លឹមសារទាំងស្រុង៖