(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងប្រធានកិត្តិយសគណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយផលិតផលមួយ បានផ្តល់អនុសាសន៍ចំនួន៥ចំណុច ដើម្បីឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋបន្តរួមគ្នាអនុវត្ត ដើម្បីលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ។ នេះបើតាមសារលិខិតរបស់សម្តេចតេជោ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២នេះ។

អនុសាសន៍ទាំង ៥ចំណុចរបស់សម្តេចតេជោ ហ៊ុន សែន រួមមាន៖

ទី១៖ គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ក្រសួងពាណិជ្ជកម្ម និងក្រសួងស្ថាប័នពាក់ព័ន្ធត្រូវបន្តកិច្ចសហការ និងសម្របសម្រួលជាមួយគ្នាឱ្យបានរលូនបន្តទៀត ដើម្បីលើកកម្ពស់ការប្រើប្រាស់ ផលិតផលខ្មែរ បន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយពីផលិតផលខ្មែរ និងបន្តផ្តល់ជំនាញនានាដល់ ផលិតករលើដំណើរការខ្សែសង្វាក់ផលិតកម្ម ការពង្រឹងគុណភាព សុវត្ថិភាពផលិតផល ការកែច្នៃ និងការវេចខ្ចប់ដើម្បីឆ្លើយតបទៅនឹងទីផ្សារក្នុងប្រទេស និងក្រៅប្រទេស។

ទី២៖ គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ គណៈកម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយរាជធានី-ខេត្តទូទាំងប្រទេស និងក្រសួងពាណិជ្ជកម្ម ត្រូវសហការជាមួយនឹង វិស័យឯកជនរៀបចំទីផ្សារអនទ្បាញ ជួយផលិតផលខ្មែរក្នុងការទិញ លក់ និងដាក់បង្ហាញក្នុងព្រឹត្តិការណ៍ពិព័រណ៍ផលិតផលនានា ទាំងក្នុងប្រទេស និងក្រៅប្រទេស និងតាមស្ថានតំណាងកម្ពុជាប្រចាំនៅបរទេស។

ទី៣៖ គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ និងក្រសួងពាណិជ្ជកម្ម ត្រូវសហការជាមួយនឹងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីឱ្យស្ថានតំណាងកម្ពុជាប្រចាំនៅបរទេសផ្សព្វផ្សាយផលិតផលខ្មែរ នៅក្នុងព្រឹត្តិការណ៍ផ្សេងៗ ជាពិសេសផ្សារភ្ជាប់ការងារជំរុញចលនាភូមិមួយផលិតផលមួយ នៅកម្ពុជា ទៅក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការក្នុងតំបន់ ក្រោមការសម្របសម្រួលរបស់អគ្គលេខាធិការដ្ឋានអាស៊ាន។

ទី៤៖ គណៈកម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយរាជធានី-ខេត្តទាំង២៥ ត្រូវបន្តសហការជាមួយនឹងគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ក្រសួងពាណិជ្ជកម្ម និងក្រសួង ស្ថាប័នពាក់ព័ន្ធ រៀបចំចងក្រងផលិតផលក្នុងស្រុកដែល មានសក្តានុពលនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយបញ្ចូលជាផលិតផលភូមិមួយផលិតផលមួយ ដើម្បីតាមដាន និងវាយតម្លៃវឌ្ឍនភាពនៃការងារជួយដល់ផលិតផលក្នុងស្រុកពីបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ និងកៀរគរការវិនិយោគនានាលើផលិតផល ក្នុងស្រុក ស្របតាមគោលនយោបាយជាតិស្តីពី ការជំរុញចលនាភូមិមួយផលិត ផលមួយ ២០១៦-២០២៦។

ទី៥៖ ប្រជាជនកម្ពុជាគ្រប់រូបត្រូវចូលរួមគាំទ្រលើកកម្ពស់ផលិតផលខ្មែរ តាមពាក្យស្លោក «ប្រជាជន ម្នាក់ទិញផលិតផលខ្មែរយ៉ាងតិចមួយមុខ» និងសូមឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ត្រូវសហការជាមួយនឹងអង្គការដៃគូអភិវឌ្ឍ វិស័យឯកជន សហគ្រាសធុនតូច និងមធ្យម សហគមន៍ សមាគម។ល។ បន្តកិច្ចខិតខំប្រឹងប្រែងជួយជំរុញ អភិវឌ្ឍ និងចូលរួមសហការគ្នាយ៉ាងសកម្មនិងជិតស្និទ្ធ ក្រោមកិច្ចសម្របសម្រួលរបស់គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ដើម្បីអនុវត្តឱ្យបានជោគជ័យនូវទិសដៅលើកកម្ពស់ផលិតផលខ្មែរ៕