(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ លោក ឡេង ប៊ុនតេង ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ បានអញ្ជើញចូលរួមពិសារអាហារស្រាយបួស នៅខែបុណ្យរ៉ាម៉ាដន ជាមួយបងប្អូនខ្មែរឥស្លាម នៅវិហារកុឡាលោម ស្ថិតនៅភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

លោក ឡេង ប៊ុនតេង បានសំណេះសំណាល និងផ្តាំផ្ញើឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរឥស្លាម ត្រូវចូលរួមទាំងអស់គ្នា ជាមួយរាជរដ្ឋាភិបាលក្នុងការថែរក្សាសុខសន្តិភាព និងស្ថេរភាពសង្គម ដែលជាមូលដ្ឋានគ្រឹះលើគ្រប់វិស័យ ដែលបង្កលក្ខណៈងាយស្រួលដល់ការអភិវឌ្ឍន៍ប្រទេសជាតិអោយរីកចម្រើន ជាពិសេសនាំមកនូវភាពសុខសាន្តដល់ប្រជាពលរដ្ឋរបស់យើង។ ប្រសិនបើប្រទេសជាតិគ្មានសុខសន្តិភាពទេ គឺគ្មានការអភិវឌ្ឍន៍ទេ លុះត្រាតែមានសុខសន្តិភាពបរិបូណ៍ពេញលេញ ទើបយើងមានពេលអភិវឌ្ឍន៍ប្រទេស យើងជីវភាពសំបូរសប្បាយ។

ជាមួយគ្នានេះ លោកសង្ឃឹមថា ក្នុងការស្រាយបួស ដើម្បីរឹតចំណងសាមគ្គីភាព ពីក្នុងចំណោមជាតិសាសន៍របស់យើង រស់នៅដោយសុខសាន្ត ហើយអ្នកជំនាន់ក្រោយនឹងបន្តរក្សាទុកនូវភាពសុខដុមនីយរវាងជាតិសាសន៍ និងសាសនា ជាបន្តទៀត។ ជាទីបញ្ចប់ សុំអាឡោះជួយបីបាច់ថែរក្សា ដោយអ្នកទាំងអស់គ្នា ដែលបានចូលរួមនៅទីនេះ ជួបប្រទះតែនឹងសេចក្តីសុខ សេចក្តីចម្រើន ហើយទទួលបាននូវសុភមង្គល សុខភាពល្អ ប្រកបដោយជោគជ័យ៕