(ភ្នំពេញ)៖ តាមរបាយការណ៍ពីគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ ភ្នាក់ងារគណបក្សនយោបាយស្នើសុំចុះឈ្មោះដើម្បីសង្កេតមើលដំណើរការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ សរុបមានចំនួន ៧៨,៤៥៧នាក់ ក្នុងនោះស្ត្រីមានចំនួន ២២,៥៩៦នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២នេះ។

គ.ជ.ប បានឱ្យដឹងថា គណបក្សនយោបាយទាំង១៧នេះ រួមមាន៖ គណបក្សប្រជាជនកម្ពុជា, គណបក្សភ្លើងទៀន, គណបក្សហ៊្វុនស៊ិនប៉ិច, គណបក្សខ្មែររួបរួមជាតិ, គណបក្សខ្មែរស្រឡាញ់ជាតិ, គណបក្សសញ្ជាតិកម្ពុជា, គណបក្សយុវជនកម្ពុជា, គណបក្សឆន្ទៈខ្មែរ, គណបក្សកែទម្រង់កម្ពុជា, គណបក្សកម្ពុជានិយម, គណបក្សខ្មែរតែមួយ, គណបក្សប្រជាធិបតេយ្យមូលដ្ឋាន, គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ, គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា, គណបក្សឯកភាពជាតិខ្មែរ, គណបក្សរស្មីខេមរា និងគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច។

យោងតាមច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ គណបក្សនយោបាយដែលមានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវដាក់ពាក្យសុំចុះឈ្មោះភ្នាក់ងាររបស់ខ្លួនទៅគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ក្នុងរយៈពេលយ៉ាងយូរ ៧ថ្ងៃ បន្ទាប់ពីកាលបរិច្ឆេទនៃការបិទផ្សាយបញ្ជីបេក្ខជនផ្លូវការ។

សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ បេក្ខជនឈរឈ្មោះបោះឆ្នោត មេភូមិ ជំនួយការមេភូមិ ប្រជាការពារភូមិ និងកម្លាំងប្រដាប់អាវុធ មិនត្រូវបានអនុញ្ញាតឱ្យធ្វើជាភ្នាក់ងារគណបក្សនយោបាយសង្កេតមើលដំណើរការបោះឆ្នោត និងការរាប់សន្លឹកឆ្នោតឡើយ។

សូមបញ្ជាក់ថា ភ្នាក់ងារគណបក្សនយោបាយ ដែលចូលរួមសង្កេតមើលដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវគោរពច្បាប់ បទបញ្ជា ដែលពាក់ព័ន្ធជាធរមាន និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌សម្រាប់គណបក្សនយោបាយ បេក្ខជន និងភ្នាក់ងារគណបក្សនយោបាយក្នុងដំណើរការបោះឆ្នោត៕