(ពោធិ៍សាត់)៖ ក្នុងចំណោមតំបន់ទេសចរណ៍ ទាំង៣៥កន្លែង ក្នុងខេត្តពោធិ៍សាត់ តំបន់ទេសចរណ៍ដែលជាទីចាប់អារម្មណ៍ និងមានអ្នកទៅលេងកម្សាន្តច្រើនជាងគេ គឺស្រុកវាលវែង នៅផ្លូវបុប្ផាលាក់ខ្លួន (ភ្នំ១៥០០) ឃុំថ្មដា និងឃុំអូរសោម, ក្រៅពីនោះមានស្រុកក្រគរ នៅទឹកធ្លាក់ច្រកល្អៀង ភ្នំនាគស និងស្រុកតាលោសែនជ័យ នៅសួនកម្សាន្តតាលោសែនជ័យ។

នេះដោយសារតែទឹកដីនៃស្រុកវាលវែង បានលេចចេញនូវសមិទ្ធផលផ្លូវជាតិលេខ៥៥ និងផ្លូវជាតិលេខ១០ ក្រោមម្លប់ «សន្តិភាព» ដែលអាចឱ្យបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ អាចធ្វើដំណើរបានស្រួល ទៅកាន់រមណីយដ្ឋាន តំបន់ទេសចរណ៍ ព្រៃ ភ្នំ ទឹកធ្លាក់ និងតំបន់គយគន់ទេសភាពជាច្រើនទៀត ដែលជាប់នឹងព្រំដែនខេត្តត្រាត ប្រទេសថៃ។

បើតាមការអះអាង របស់មន្ត្រីនៃមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឱ្យដឹងនារសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២នេះថា សម្រាប់ស្ថិតិចុងសប្តាហ៍ទី១ នៃខែមេសា ពោលគឺចាប់ពីថ្ងៃទី២៨ ខែមីនា ដល់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២ ម្សិលមិញ ខេត្តពោធិ៍សាត់ ទទួលបានភ្ញៀវទេសចរសរុប មានចំនួន ១២,៩៦៨នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ១២,៩៦៥នាក់ និងភ្ញៀវអន្តរជាតិផ្ទៃក្នុង មានចំនួន០៣នាក់។

ប្រភពបានបន្តថា បើប្រៀបធៀបនឹងសប្តាហ៍មុន ទេសចរមានការកើនឡើង ២១,៧៤% (ទេសចរសប្តាហ៍មុន មានចំនួន ១០,៦៥២នាក់)។ សម្រាប់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២ម្សិលមិញ រមណីយដ្ឋានក្នុងខេត្ត ទាំង៣៥កន្លែង មានភ្ញៀវទេសចរមកលេងកម្សាន្តសរុប ៣,១០២នាក់ (ក្នុងនោះស្រី ១,៥៤៧នាក់)។

ប្រភពដដែលបានឱ្យដឹងថា ចំពោះសេវាស្នាក់នៅសណ្ឋាគារ ០៦កន្លែង (ដំណើរការធម្មតា) សេវាផ្ទះសំណាក់ ៤៨កន្លែង (ផ្អាកមិនដំណើរការ ០២កន្លែង) និងមានភ្ញៀវស្នាក់នៅសរុប ៤៨២នាក់ ស្រី ២២៧នាក់។ សម្រាប់ភោជនីយដ្ឋាន និងអាហារដ្ឋាន ៥៥កន្លែង (ដំណើរការធម្មតា) និងមានភ្ញៀវសរុប ៨៦៤នាក់ ស្រី ៣៣៥នាក់។

ប្រភពដដែលបានបន្ថែមទៀតថា ក្រោមការដឹកនាំរបស់លោក ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ លោកបានណែនាំដល់អង្គភាពព័ត៌មាន ពិសេសបណ្តាញព័ត៌មាន Fresh News ឱ្យធ្វើការជំរុញការផ្សព្វផ្សាយព័ត៌មានទាក់ទងនឹងវិស័យទេសចរណ៍ឱ្យកាន់តែទូលំទូលាយ ដោយធ្វើយ៉ាងណាទាក់ទាញភ្ញៀវទេសចរគ្រប់មជ្ឈដ្ឋានចូលមកដើរលេងកម្សាន្តខេត្តរបស់យើង ឱ្យបានកាន់តែច្រើន ដើម្បីឱ្យប្រជាពលរដ្ឋមានសេដ្ឋកិច្ចកើនឡើងបានមួយកម្រិតទៀត៕