(កណ្ដាល)៖ នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបើកពិធីរៀបចំវគ្គសិក្ខាសាលស្ដីពីការិយាល័យព័ត៌មានឈ្លាសវៃ និងអភិបាលកិច្ចល្អក្នុងវិស័យព័ត៌មាន រយៈពេល២ថ្ងៃ នៅក្នុងបរិវេញសាលាខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ជាមន្រ្ដីនាំពាក្យសាលាខេត្ត និងប្រធានមន្ទីរអង្គភាពវិស័យជំនាញជំវិញរាជធានីខេត្តចំនួន៦ គឺរាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តតាកែវ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង និងខេត្តព្រះវិហារ។

លោក ផៃ ស៊ីផាន រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ពីគោលបំណង នៃសិក្ខសាលានេះ គឺដើម្បីចែករំលែកនូវទស្សនទាន យន្ដការ និងយុទ្ធសាស្រ្ដ ជាមូលដ្ឋានគ្រឹះ នៃវិស័យព័ត៌មានរបស់រដ្ឋ ក្នុងទិសដៅកសាងឲ្យបាននូវអភិបាលលកិច្ចល្អលើវិស័យព័ត៌មាន ថ្នាក់ក្រោមជាតិ ដើម្បីជំរុញប្រសិទ្ធភាពនៃការផ្សព្វផ្សាយ បំផុសព័ត៌មានចូលកៀកប្រជាពលរដ្ឋ ដើម្បីផលប្រយោជន៍ផ្ទាល់នៅតាមមូលដ្ឋាន។

លោកបន្ដថា សកម្មភាពនេះ គឺជាការចូលរួមអនុវត្តជាក់ស្តែង នូវស្មារតី និងខ្លឹមសារនៃប្រកាសអន្តរក្រសួង រវាងក្រសួងមហាផ្ទៃ និងក្រសួងព័ត៌មាន ស្តីពី «តួនាទី ភារកិច្ចរបស់មន្រ្តី ទទួលបន្ទុកព័ត៌មានរដ្ឋបាល រាជធានី-ខេត្ត» ចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១២។

បើតាមលោក ផៃ ស៉ីផាន នេះជាកញ្ចក់ឆ្លុះបញ្ចាំងនូវការអនុវត្តនយោបាយកែទម្រង់មុតស្រួច ក្នុងវិស័យព័ត៌មាននៅថ្នាក់មូលដ្ឋាន តាមស្មារតីនៃគោលនយោបាយវិមជ្ឍការ និងវិសហមជ្ឍការ ដែលជាការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំមូលដ្ឋានផ្ទាល់ ក្នុងការផ្សព្វផ្សាយបំផុសស្មារតីនយោបាយ និងប្រសិទ្ធភាពនៃការដឹកនាំរដ្ឋបាលមូលដ្ឋាន ដោយការបង្ហាញចេញនូវដំណោះស្រាយនៃបញ្ហាប្រឈមនានានៅតាមមូលដ្ឋាន ទាំងដោយផ្ទាល់ (វេទិកាសាធារណៈ) និងដោយប្រយោល (រលកអាកាស) ដែលមានមន្ទីរជំនាញចូលរួមសហការយ៉ាងជិតស្និទ ក្នុងកិច្ចក្ដោបក្ដាប់ និងគ្រប់គ្រងមតិសាធារណៈ ឆ្ពោះទៅរកប្រសិទ្ធភាព ឯកភាព និងសាមគ្គីភាពរវាងរាស្រ្ត និងរដ្ឋ ចាប់ផ្តើមពីមូលដ្ឋានមកកាន់ថ្នាក់ជាតិ។

លោក ផៃ ស៊ីផាន បានបន្ថែមថា អស់រយៈកាលមួយទសវត្សកន្លងមក (១០ឆ្នាំ) កម្ពុជាបានបង្កើតប្រវត្តិសាស្រ្ដគ្មានពីរ ប្រកបដោយអត្ថន័យដ៏ឧត្តុង្គឧត្តម គឺការពង្រឹងអំណាចប្រជាពលរដ្ឋ នៅក្រោមសកម្មភាព និងប្រធានបទ «ប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ» ដែលមានយន្ដការប្រកបដោយសក្ដានុពលរស់រវើក គឺការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ។

អំណាចប្រជាពលរដ្ឋ នៃរបបប្រជាធិបតេយ្យ ដែលជាការប្រឹងប្រែង និងការទទួលខុសត្រូវរបស់ក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ មិនត្រឹមតែប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាពក្នុងការបម្រើប្រជាពលរដ្ឋតែប៉ុណ្ណោះនោះទេ ក៏ប៉ុន្តែគណនេយ្យភាពក៏ត្រូវតែពង្រឹងផងដែរ។ អ្វីដែលជាមោទនភាព ជាប្រវត្តិសាស្រ្ដរបស់កម្ពុជាក្នុងកិច្ចកសាងប្រជាធិបតេយ្យចាប់ផ្ដើមពីថ្នាក់ក្រោមជាតិ ពុំដែលត្រូវបានអនុវត្តនៅក្នុងប្រវត្តិសាស្រ្ដរបស់កម្ពុជានោះឡើយ។ អាស្រ័យ លើព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ដនេះ វិស័យព័ត៌មាន គឺជាចំណែកស្នូលក្នុងកិច្ចចូលរួមកសាង អភិបាលកិច្ចល្អដែលមានធាតុផ្សំ «តម្លាភាព និងគណនេយ្យភាព» ផងដែរ៕