(ភ្នំពេញ)៖ គណៈកម្មការការពារកុមារថ្នាក់ជាតិ នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក.) នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២នេះ បានចេញសេចក្ដីថ្លែងការណ៍ ពាក់ព័ន្ធករណីម្តាយយកទារិការ អាយុ០១ខែ១០ថ្ងៃ ទៅបោះក្នុងទឹកប្រឡាយក្រោយផ្ទះ នៅភូមិព្រៃកូនសេក ឃុំអូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បណ្ដាលឲ្យស្លាប់យ៉ាងអណោចអធម៌។

គណៈកម្មការការពារកុមារថ្នាក់ជាតិ នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក.) សូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្កា ដោយមិនអាចទទួលយកបានឡើយ ចំពោះការប្រព្រឹត្តិអំពើឃោរឃៅយង់ឃ្នង ព្រៃផ្សៃ អមនុស្សធម៌របស់ស្ត្រីជាម្តាយបង្កើត ហន សាមេន អាយុ២២ឆ្នាំ មានទីលំនៅភូមិព្រៃកូនសេក ឃុំអូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានយកទារិកាឈ្មោះ ជៀប កាន់ទីយ៉ា អាយុ០១ខែ១០ថ្ងៃ ទៅបោះក្នុងទឹកប្រឡាយក្រោយផ្ទះ បណ្តាលឲ្យបាត់បង់ជីវិត យ៉ាងអាណោចអាធម្ម។

គណៈកម្មការការពារកុមារថ្នាក់ជាតិ នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក.) ក៏ដូចជាសាធារណៈជនទូទៅ ពិតជាមានក្តីរន្ធត់ តក់ស្លុតឥតឧបមា និងមានការអាណិតអាសូរយ៉ាងក្រៃលែងចំពោះ ទារិកាឈ្មោះ ជៀប កាន់ទីយ៉ា ដែលទទួលរងគ្រោះស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធម្ម សោកសៅ និងខ្លោចផ្សាបំផុត ដោយទង្វើអមនុស្សធម៌ អំពើនេះបានរំលោភបំពាន យ៉ាងធ្ងន់ធ្ងរទៅលើសិទ្ធិកុមារ ជាពិសេសសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបានកិច្ចការពារ ហើយសូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្កាចំពោះទង្វើអមនុស្សធម៌ របស់ម្តាយទារិការ ដែលបណ្តាលឲ្យទារិការខាងលើបាត់បង់ជីវិត គូឲ្យសង្វេគ និងបង្ហាញពីការធ្លាក់ចុះនូវ សីលធម៌ និងការទទួលខុសត្រូវ កាតព្វកិច្ចក្នុងនាមជាម្តាយ។

ពាក់ព័ន្ធនឹងអំពើឃោរឃៅព្រៃផ្សៃអមនុស្សធម៌នេះ គណៈកម្មការការពារកុមារថ្នាក់ជាតិ នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក.) សូមអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័ន និងអង្គការពាក់ព័ន្ធ ជាពិសេសសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ មេត្តាយកចិត្តទុកដាក់ចាត់វិធានការយ៉ាងតឹងរឹងបំផុតចំពោះជនល្មើសដែល ត្រូវបានសមត្ថកិច្ចនាំខ្លួនមកសាកសួរ និងកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ តាមនីតិវិធីច្បាប់ជាធរមាន នៃប្រទេសកម្ពុជា ដើម្បីកុំឲ្យអំពើដ៏អាក្រក់នេះកើតមានក្នុងសង្គមយើងបន្តទៀត៕