(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ បានបើកវគ្គបណ្តុះបណ្តាល និងវិក្រឹតការស្ដីពី «គណនេយ្យសាធារណៈ» ជូនសិក្ខាកាមគោលដៅជារជ្ជទេយ្យករបុរេប្រទាន, រជ្ជទេយ្យករបុរេប្រទានរង, រជ្ជទេយ្យករចំណូល និង រជ្ជទេយ្យករចំណូលរង ចំនួន ១៨០នាក់ មកពីក្រសួងស្ថាប័ន សម្រាប់ចូលរួមអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប្រកបដោយប្រសិទ្ធភាព និងចីរភាព។

ពិធីបើកវគ្គបណ្តុះបណ្តាល និងវិក្រឹតការនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំដោយបណ្ឌិតសភាចារ្យ ហ៊ាន សាហ៉ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាព នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមពីអនុរដ្ឋលេខាធិការ និងថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមន្រ្តីរាជការ គ្រូឧទ្ទេស និងសិក្ខាកាម។

ថ្លែងក្នុងពិធីនោះ បណ្ឌិតសភាចារ្យ ហ៊ាន សាហ៉ីប បានគូសបញ្ជាក់ថា «ការកសាង និងការអភិវឌ្ឍសមត្ថភាព គឺជាកត្តាគន្លឹះ សម្រាប់ដោះស្រាយបញ្ហា និងរួមចំណែកប្រកបដោយប្រសិទ្ធភាព ក្នុងការអនុវត្តការកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល សំដៅចូលរួមអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ និងលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋ។ ការបណ្តុះបណ្តាល និងវិក្រឹតការសមត្ថភាព លើជំនាញពាក់ព័ន្ធការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាតម្រូវការចាំបាច់ សម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ គ្រប់ក្រសួង-ស្ថាប័ន រួមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការបង្កើនប្រសិទ្ធភាព, តម្លាភាព និងភាពស័ក្តិសិទ្ធិនៃការគ្រប់គ្រងថវិការដ្ឋ»

បណ្ឌិតសភាចារ្យ រដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានគិតគូរ និង យកចិត្តទុកដាក់ខ្ពស់លើការកសាង និង ការអភិវឌ្ឍសមត្ថភាព លើជំនាញគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយបានបង្កើតវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាំងពីឆ្នាំ ១៩៩៧ និងដាក់ចេញនូវផែនការយុទ្ធសាស្ត្រស្ដីពីការកសាង និង ការអភិវឌ្ឍសមត្ថភាព សម្រាប់តម្រង់ទិសការបណ្ដុះបណ្ដាល, វិក្រឹតការសមត្ថភាពមន្ត្រីរាជការ និងបានធ្វើបច្ចុប្បន្ន- កម្មជាបន្តបន្ទាប់ តាមតម្រូវការនៃការឈានឡើង និងបរិការណ៍ប្រែប្រួល នៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលត្រូវបានអនុវត្តយ៉ាងសកម្ម និងទទួលបានលទ្ធផលគួរជាទីមោទនៈ សម្រាប់គាំទ្រការអនុវត្ត ថវិកាកម្មវិធីពេញលេញ និងអង្គភាពថវិកា នាពេលកន្លងមក។

លោកបណ្ឌិតសភាចារ្យ បានបន្ថែមថា ការបណ្ដុះបណ្ដាល និង វិក្រឹតការស្ដីពី គណនេយ្យសាធារណៈ គឺជាកម្មវិធីដ៏មានសារៈសំខាន់ ក្នុងការកសាងសមត្ថភាពមន្រ្តីរាជការ សំដៅផ្សារភ្ជាប់ចំណេះដឹងជាទស្សនាទាន ទៅនឹងការអនុវត្តជាក់ស្ដែង នៅក្នុងការដ្ឋានការងារនៃក្រសួងស្ថាប័ន ។ កន្លងមក ក្នុងការអនុវត្តកិច្ចការគណនេយ្យសាធារណៈ ផ្អែកតាមដំណាក់នៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ចេញនូវលិខិតបទដ្ឋានគតិយុត្តជាច្រើន និងជាបន្តបន្ទាប់ ក្នុងគោលបំណងបង្កើនប្រសិទ្ធភាពចំណាយតាម រជ្ជទេយ្យបុរេប្រទាន ប្រកបដោយតម្លាភាព, គណនេយ្យភាព និងទាន់ពេលវេលា។

រដ្ឋលេខាធិការបានបញ្ជាក់ថា ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ក៏ត្រូវបានរៀបចំដាក់ឱ្យអនុវត្តនៅគ្រប់ក្រសួងស្ថាប័ន ដើម្បីធានាតម្លាភាព, ប្រសិទ្ធភាព, ទាន់ពេលវេលា និង មានទិន្នន័យហិរញ្ញវត្ថុ សម្រាប់វិភាគ ព្យាករ និងធ្វើការសម្រេចចិត្តគ្រប់ជ្រុងជ្រោយ។ ទន្ទឹមនេះ, ក្នុងត្រីមាសទី៣ ឆ្នាំ២០២២ នេះ, រាល់នីតិវិធីនៃមុខសញ្ញាចំណាយចរន្តនឹងត្រូវអនុវត្តនៅក្នុងប្រព័ន្ធ FMIS ទាំងស្រុង ដោយគ្មាននីតិវិធីខាងក្រៅប្រព័ន្ធតទៅទៀត ជាមួយនឹងការកាត់ចំនួនរំហូរការងារ និងការអនុម័ត។

ការងារអនុវត្តនីតិ-វិធីតាមប្រព័ន្ធទាំងស្រុងដោយគ្មាននីតិវិធីខាងក្រៅ នឹងអនុវត្តមុនគេនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងបរិស្ថាន ហើយនៅឆ្នាំ ២០២៣, នឹងអនុវត្តនៅគ្រប់ក្រសួងស្ថាប័ន និងគ្រប់អង្គភាពថវិកា។ ដោយឡែក, សម្រាប់ដំណើរការអនុវត្តប្រតិបត្តិការហិរញ្ញវត្ថុនៃថវិកាវិនិយោគ ហិរញ្ញប្បទានដោយថវិកាថ្នាក់ជាតិ នឹងត្រូវដាក់ឱ្យអនុវត្ត ទាំងស្រុងនៅឆ្នាំ២០២៤៕