(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា នៅថ្ងៃទី០៤ ខែមេសា ដែលត្រូវបានចុះជាកំណើតផ្លូវការរបស់សម្តេចនាពេលនេះ គឺជាថ្ងៃដែលសម្តេចចុះឈ្មោះចូលបម្រើកងទ័ព តាមការអំពាវនាវរបស់ ព្រះកុរណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ កាលពី៥២ឆ្នាំ ដើម្បីតស៊ូជាមួយកងទ័ពលន នល់។

ការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែលសម្តេច អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ ៣៨ខ្សែ ជាសមិទ្ធផលថ្មីមួយ នៅក្នុងក្រុងសៀមរាប ដែលត្រូវបានសាងសង់ក្នុងប្រទេសកំពុងមានសន្តិភាព ដែលចំខួប៥២ឆ្នាំថ្ងៃសម្តេចចូលព្រៃធ្វើយុទ្ធជន នាព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២នេះ។

សម្តេចបញ្ជាក់ដូច្នេះថា៖ «ខ្ញុំធ្លាប់បានពន្យល់ហើយ បើយើងពិនិត្យថយក្រោយ៥២ឆ្នាំមុន គឺព្រឹកនេះឯងដែលខ្ញុំចូលទៅព្រៃ ដើម្បីចុះឈ្មោះកងទ័ព តាមការអំពាវនាវរបស់សម្តេចនរោត្តម សីហនុ ដែលអំពាវនាវកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩៧០ ដើម្បីឱ្យកូនចៅចូលព្រៃម៉ាគីតស៊ូ ដោយសារតែយើងមិនអាចយកអ្វីទៅបាន ហើយយើងភ្លេចទាំងថ្ងៃកំណើតរបស់ខ្លួនទៀត អញ្ចឹងទើបខ្ញុំយកថ្ងៃទី០៤ មេសា ធ្វើជាថ្ងៃកំណើតតែម្តង»

សម្តេចតេជោ ហ៊ុន សែន បានយកឱកាសនេះ ថ្លែងអំណរព្រះគុណ និងអរគុណ ព្រះមហាក្សត្រ និងសម្តេចម៉ែ ព្រមទាំងថ្នាក់ដឹកនាំ និងពលរដ្ឋនានា ដែលបានផ្ញើសារជូនពរសម្តេច នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ ដោយចាត់ទុកជាថ្ងៃចម្រើនជន្មាយុគម្រប់៦៩ ឈានចូល៧០ឆ្នាំ។

បើតាមសម្តេចតេជោ, គឺថ្ងៃទី០៤ ខែមេសានេះហើយ ដែលកម្ពុជាបានធ្លាក់ក្នុង ការចាប់ផ្តើមនៃសង្គ្រាម ក្នុងប្រទេស បន្ទាប់ពីរដ្ឋប្រហាថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។ ទោះជាយ៉ាងណា សម្តេចបានថ្លែងអំណរគុណជាថ្មីម្តងទៀត ចំពោះថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋដែលបានជូនពរសម្តេចនាឱកាសនេះ ដែលការជូនពរ មានច្រើនជាងអ្នកដែលបានដាក់បណ្តាសារ។

សម្តេចបានបញ្ជាក់បន្ថែមថា៖ «ប៉ុន្តែអ្នកដាក់បណ្តាសារមិនប្រាកដថាត្រូវ ហ៊ុន សែន នោះទេបើរាសីតិចជាងអាចនឹងស្លាប់មុនហ៊ុន សែន ឬក៏កើតរឿង អាហ្នឹងត្រូវជឿខ្លះផង នៅសៀមរាបខ្ញុំធ្លាប់ត្រូវគេបាញ់ (B40) ៤គ្រាប់ ផ្ទុះតែមួយគ្រាប់ ឯ៣គ្រាប់ទៀតអត់ផ្ទុះ អរគុណនូវបារមីទាំងឡាយ នៅទីក្រុងសៀមរាប ក៏ដូចជាប្រាងប្រាសាទ ដែលបានជួយការពារអាយុជីវិតរបស់ខ្ញុំ នៅថ្ងៃទី២៤ កញ្ញា ឆ្នាំ១៩៩៨ ដែលទុកពេលឱ្យខ្ញុំសម្រេចបេសកកម្មជាប្រវត្តិសាស្រ្ត»