(សៀមរាប)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងពន្យល់លម្អិតដល់ប្រជាពលរដ្ឋនៅខេត្តសៀមរាប ថា មូលហេតុដែលមិនមានការចាក់បេតុង នៅតាមច្រាំងមាត់ស្ទឹងសៀមរាប ដោយសារស្ទឹងសៀមរាប ជាតំបន់អភិរក្ស និងជាលក្ខខណ្ឌរបស់អង្គការយូណេស្កូ ដែលត្រូវបានដាក់ប្រាសាទអង្គរវត្តចូលក្នុងបញ្ជីសម្បត្តិ បេតិកភណ្ឌពិភពលោក ដែលយើងត្រូវតែគោរពតាម។

ការពន្យល់ដូចនេះរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវ ៣៨ខ្សែក្នុងក្រុងសៀមរាប ដែលមានប្រវែងសរុប ១០៨.៧៤គីឡូម៉ែត្រ នាព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២នេះ។

ពាក់ព័ន្ធនឹងដងស្ទឹងសៀមរាបនេះ សម្តេចតេជោ បានបញ្ជាក់ដូចនេះថា «វាមិនចំណាយប្រាក់អស់ប៉ុន្មាននោះទេ បើសិនជាយើងធ្វើបេតុង ព្រោះយើងធ្លាប់ធ្វើបេតុង ទន្លេមេគង្គ ទន្លេសាបថែមទៀត គ្រាន់តែស្ទឹងសៀមរាបមួយវាមិនអស់លុយប៉ុន្មាននោះទេ ប៉ុន្តែសូមបញ្ជាក់ថា នៅទីនេះជាតំបន់អភិរក្ស ដែលត្រូវតែគោរពនូវលក្ខខណ្ឌ ទាំងឡាយនៃផ្នែកបេតិកភណ្ឌវប្បធម៍របស់យើង ដូច្នេះស្ទឹងសៀមរាបបានរំដោះមនុស្សចេញ យើងអាចដាំដើមឈើ មានកន្លែងអង្គុយលេង ប៉ុន្តែយើងមិនអាចទៅ ចាក់បេតុងនៅតំបន់ច្រាំងនោះទេ អានឹងគឺផ្នែកទាក់ទងនឹងបេតិកភណ្ឌគឺមិនអនុញ្ញាតនោះទេ [..] ការចាក់បេតុងប៉ុណ្ណឹងយើងអាចចាក់បាន ក៏ប៉ុន្តែបច្ចេកទេស ផ្នែក អភិរក្សមិនអនុញ្ញាតតែប៉ុណ្ណោះ ដូច្នេះយើងត្រូវបន្តថែរក្សាស្ទឹងសៀមរាបរបស់យើង តាមបែបធម្មជាតិ»

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ដើម្បីរក្សានូវផ្នែកបេតិកភណ្ឌវប្បធម៍ គឺយើងត្រូវតែបន្តថែរក្សានូវស្ទឹងសៀមរាបនេះតាមបែបធម្មជាតិ ហើយសម្តេច ក៏បានបង្ហាញពីមោទនភាពនៅពេលដែលមានទូកសហគមន៍ចុងឃ្នាសចំនួន៩៩ទូក មកធ្វើជាទូកទេសចរណ៍នៅតាមដងស្ទឹងសៀមរាប ដែលនេះជាការបង្កើតការងារធ្វើ និងបង្កើតជារបៀបទេសចរណ៍ នៅតាមដងស្ទឹងសម្រាប់ជាការជិះកម្សាន្តរបស់ប្រជាពលរដ្ឋ។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអរគុណចំពោះ ICC-Angkor ដែលបានចូលរួមអភិរក្សតំបន់ក្នុងក្រុងសៀមរាប និងបានចូលរួមអភិរក្សបេតិភណ្ឌប្រវត្តិសាស្ត្រ របស់កម្ពុជា គឺប្រាសាទអង្គវត្ត។

ជាមួយគ្នានោះសម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងការអរគុណចំពោះប្រទេសបារាំង និងជប៉ុន ដែលជាសហប្រធាននៃ ICC រួមនឹងអង្គការយូណេស្កូ ដែលជានិច្ចកាល បាននៅកម្ពុជា ចូលរួមអភិរក្សបេតិភណ្ឌប្រវត្តិសាស្ត្រ របស់កម្ពុជា។ កម្ពុជាបានប្រើយន្តការ កម្ពុជាជាម្ចាស់បូកជាមួយសហប្រធានទាំង២ គឺបារាំង និងជប៉ុន ដែលបាន ចូលរួម ហើយកម្ពុជាក៏មានដៃគូរសំខាន់មួយទៀត គឺយូណេស្កូ ដែលកម្ពុជាបានប្រើយន្តការ សហប្រតិបត្តិការត្រីភាគី និងសហប្រតិបត្តិការ ចតុភាគឺផងដែរ ដែលទាំងនេះ ជាកត្តាចាំបាច់ដែលប្រជាពលរដ្ឋនៅខេត្តសៀមរាប គួរតែបន្តរក្សា និងគោរពទៅតាមគោលការណ៍ ដែលអាចការពារបាននូវបេតិកភណ្ឌប្រវត្តិសាស្ត្រផងដែរ៕