(ព្រះសីហនុ)៖ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានសហការជាមួយក្រសួងសុខាភិបាល, ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន ខេត្តព្រះសីហនុ រៀបចំកម្មវិធីបណ្តុះបណ្តាលស្តីពីការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ដោយផ្អែកលេីសហគមន៍ ដេីម្បីពង្រឹងសមត្ថភាពមន្រ្តីផ្តល់សេវាព្យាបាល និងស្តារនីតិសម្បទាដល់អ្នកញៀនគ្រឿងញៀន នៅមជ្ឈមណ្ឌលជាតិ។

វគ្គបណ្តុះបណ្តាលនេះ បាលប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពលោក ធូ ស៊ុន រដ្ឋលេខាធិការ តំណាង វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដោយមានការអញ្ជេីញចូលរួមពីលោក ហុក គីមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល លោកស្រីឧត្តមសេនីយ៍ឯក ជ័យ បុប្ផា និងតំណាងក្រសួង ស្ថាប័ន អង្គភាព ខេត្តព្រះសីហនុ និងមន្រ្តីពាក់ព័ន្ធចូលរួម។

ឧត្តមសេនីយ៍ទោ លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា បានឱ្យដឹងថា កម្មវិធីបណ្តុះបណ្តាលនេះរៀបចំក្នុងគោលបំណងផ្តល់ពង្រឹងសមត្ថភាពមន្រ្តី ដែលកំពុងបម្រេីការងារនៅមជ្ឈមណ្ឌលជាតិ តាមរយៈការផ្តល់ជាមេរៀន និងចែករំលែកបទពិសោធន៍ពីសំណាក់លោកវេជ្ជបណ្ឌិត គ្រូពេទ្យ មន្រ្តីជំនាញឯកទេសមានចំណេះ ដឹងនិងបទសោធន៍ខ្ពស់។

ថ្លែងក្នុងនាមលោក វង សូត, លោក ធូ ស៊ុន បានឱ្យដឹងថា ទាំងលោករដ្ឋមន្ត្រី វង សូត ក៏ដូចជាឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានយកចិត្តទុកដាក់ខ្ពស់ដោយឱ្យអ្នកពាក់ព័ន្ធធ្វេីការពង្រឹងប្រសិទ្ធភាពការផ្តល់សេវាព្យាបាលនិងស្តារនីតិសម្បទាដល់អ្នកញៀនគ្រឿងញៀនពិនិត្យវាយតម្លៃនូវលក្ខខណ្ឌ អ្នកញៀនគ្រឿងញៀនទាំងឡាយណា ដែលមានសភាពធ្ងន់ធ្ងរចាំបាច់ត្រូវបញ្ជូន ទៅព្យាបាល និងស្តារនីតិសម្បទា នៅមជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍នៅខេត្តព្រះសីហនុ។

ក្នុងឱកាសនោះដែរ លោក ធូ ស៊ុន បានបន្ថែមថា មជ្ឈមណ្ឌលជាតិ ត្រូវរៀបចំជាមជ្ឈមណ្ឌលស្តង់ដារ ប្រកបដោយប្រសិទ្ធភាពទាំងការងារព្យាបាលដោយវេជ្ជសាស្រ្ត ការងារស្តារនីតិសម្បទា ឱ្យមានសុខភាពល្អទាំងផ្លូវកាយ-ផ្លូវចិត្ត បណ្តុះបណ្តាលវិជ្ជាជីវៈ ជំនាញពិតប្រាកដ ទាំងរយៈពេលវែង និងខ្លី និងផ្តល់ការងារឱ្យអ្នកនៅទីនេះធ្វេី សំដៅផ្តល់ភាពជឿជាក់ដល់មាតាបិតាអាណាព្យាបាលក៏ដូចជាបំណងប្រាថ្នារបស់ថ្នាក់ដឹកនាំពិសេសឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

លោក ធូ ស៊ុន បានផ្តាំផ្ញេីដល់សិក្ខាកាមទាំងអស់ត្រូវខិតខំក្រេបចាប់យកចំណេះដឹងពីវគ្គបណ្តុះបណ្តាលនេះពង្រឹងបាននូវសមត្ថភាពរបស់ខ្លួនដេីម្បីប្រសិទ្ធភាពការងារ។

សូមបញ្ជាក់ថា កម្មវិធីបណ្តុះបណ្តាលនេះប្រព្រឹត្តទៅមានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២៕