(ភ្នំពេញ)៖ បុរសចំណាស់ម្នាក់ នៅម្សិលមិញនេះ ត្រូវជនមិនស្គាល់មុខ ចូលចាក់សម្លាប់ពេលកំពុងដាំស្ល នៅក្នុងផ្ទះ ប៉ុន្តែសមត្ថកិច្ចសង្ស័យថា ជារឿងគំនុំដែលកើតឡើងពីការធ្វើអំពើអាបធ្មប់ ដោយករណីនេះ ឡើងនៅចំណុចភូមិត្បូងបីង ឃុំវាល ស្រុកគងពិសី កំពង់ស្ពឺ កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៦។

បើតាមសមត្ថកិច្ច បានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតនោះ មានឈ្មោះ ម៉ែន សន ភេទប្រុស អាយុ៧៩ រស់នៅភូមិឃុំកើតហេតុខាងលើ។ ជនរងគ្រោះ ត្រូវកាំបិតចាក់ចំពោះបណ្តាលឲ្យធ្លាយពោះវៀនស្លាប់ នៅនឹងកន្លែងកើតហេតុ ខណៈកំពុងអាំងត្រី និងកំដៅសម្លនៅចង្រ្កានបាយក្រោមផ្ទះ។

ករណីខាងលើនេះ ត្រូវបានសមត្ថកិច្ចជំនាញសន្និដ្ឋានថា ជារឿងគំនុំ (អំពើធ្មប់) បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងសហការស្រាវជ្រាវ និងកសាងសំណុំរឿង រីឯសាកសពប្រគល់ក្រុមគ្រួសារធ្វើបុណ្យតាម​ប្រពៃណី។

កន្លងមកក៏ធ្លាប់មានករណីស្រដៀងគ្នានេះដែរ បានកើតឡើងនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺនេះ ដោយកាលពីខែមុន ជនរងគ្រោះ ត្រូវកូនប្រសារវាយសម្លាប់រួចកាត់ក្បាលកប់ចោលយ៉ាងសាហាវ ដោយចោទថាចេះអាបធ្មប់៕