(បាត់ដំបង)៖ លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានឃុំរកា និងឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២នេះ បានជួបសំណេះសំណាល និងបញ្ចូលសមាជិកថ្មី នៅឃុំរកាចំនួន ២៨២រូប និងឃុំកំពង់ព្រៀងចំនួន ១៨២រូប។

នាឱកាសនោះដែរ លោក កែវ រ៉េមី បានសម្ដែងអំណរសាទរ និងស្វាគមន៍យ៉ាងកក់ក្ដៅបំផុតជូនចំពោះសមាជិក សមាជិកា ថ្មី ក៏ដូចជាសមាជិកគណបក្សប្រជាជនកម្ពុជាទាំងមូលនៅក្នុងឃុំទាំងពីរ។

ប្រធានក្រុមការងារ ក៏បានជម្រាបជូនថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលមានប្រវត្តិតស៊ូ នៅជាមួយប្រជាពលរដ្ឋរយៈពេល ៧១ឆ្នាំ មកហើយ គឺតាំងពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១។ ជាពិសេសថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនបានយកអាយុជីវិតមកប្ដូរក្នុងការតស៊ូរំដោះប្រជាពលរដ្ឋពីរបបប្រល័យពូជសាសន៍ បាននាំមកនូវសន្តិភាពពេញលេញនៅទូទាំងប្រទេស និងការអភិវឌ្ឍប្រទេសលើគ្រប់វិស័យរហូតមកដល់បច្ចុប្បន្ន។

លោក កែវ រ៉េមី បានមានមតិផ្តាំផ្ញើដល់ថ្នាក់ដឹកនាំឃុំ និងបេក្ខជនក្រុមប្រឹក្សាឃុំទាំងអស់ត្រូវយកចិត្តទុកថែរក្សាសមាជិក សមាជិកាទាំងអស់ របស់គណបក្សប្រជាជនកម្ពុជាទាំងថ្មី និងចាស់ ដោយមិនមានការរើសអើង។

បន្ថែមពីលើនេះ លោកបានសំណូមពរដល់ថ្នាក់ដឹកនាំឃុំត្រូវបន្តធ្វើអំពើល្អ និងចេះស្រឡាញ់យកចិត្តទុកដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានទាំងអស់ដោយមិនរើសអើង ការផ្តល់សេវាសាធារណៈរហ័ស្ត និងប្រសិទ្ធភាពខ្ពស់ ត្រូវចុះតាមខ្នងផ្ទះប្រជាពលរដ្ឋ និងត្រូវមានសាមគ្គីភាពខ្ពស់រវាងថ្នាក់ដឹកនាំឃុំនិប្រជាពលរដ្ឋ ធ្វើយ៉ាងណាទាក់ទាញនូវទឹកចិត្តក្ដីស្រឡាញ់ពីប្រជាជននៅក្នុងមូលដ្ឋានទាំងអស់ សំដៅឈានឆ្ពោះទៅដណ្ដើមឈ្នះ ក្នុងការបោះឆ្នោតឃុំឆ្នាំ២០២២ ខាងមុខនេះ។

ក្នុងអង្គពិធីនេះបានទទួលនូវការឧបត្ថម្ភពីលោក ឡោក ហួរ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសង្កែ នូវអាវយឺត និងមួកគណបក្សចំនួន ២០០ឈុត ហើយក្រុមការងារចុះមូលដ្ឋានឃុំទាំងពីរ បានរៀបចំទទួលអ្នកចូលរួមដោយមានផ្តល់ជូននូវអាហារសម្រនផងដែរ៕