(ភ្នំពេញ)៖ ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅក្នុងស្រុកចិត្របុរី ខេត្តក្រចេះ កំពុងជួបគ្រោះរាំងស្ងួតខ្វះទឹកប្រើប្រាស់ បានបង្ហាញក្តី រំភើបរីករាយ និងគោរពថ្លែងអំណរគុណដល់នាយករដ្ឋមន្រ្តី នៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលបានចាត់វិធានការ និង ដាក់ ចេញយុទ្ធនាការដោះស្រាយបញ្ហាខ្វះខាតទឹកប្រើប្រាស់ ដោះស្រាយទុក្ខលំបាករបស់ពួកគាត់បានទាន់ពេលវេលា។

ក្តីរំភើបរីករាយ និងការបង្ហាញនូវការដឹងគុណរបស់ប្រជាពលរដ្ឋចំពោះនាយករដ្ឋមន្រ្តីកម្ពុជា បានស្តែងឡើងក្នុងឱកាស ដែលលោក  ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជន កម្ពុជា និង ជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកចិត្របុរី ចុះផ្តល់អណ្តូងទឹកជូនប្រជាពលរដ្ឋចំនួន ០៦ឃុំ នៅក្នុងស្រុក ចិត្របុរី នាព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៦នេះ។ អណ្តូង ដែលត្រូវបានជីក ដើម្បីដោះស្រាយបញ្ហាខ្វះខាតទឹកមានតម្លៃសរុប ប្រមាណ ១០.២០០ដុល្លារអាមេរិក។

ទន្ទឹមនិងការផ្តល់អណ្តូងទឹកជូនប្រជាពលរដ្ឋ លោក ប៉ែន សុផល ក៏បានថ្លែងអំណរគុណដល់អង្គការមូលនិធិសប្បុរសធម៌ Prince  Real Estate ដែលបានរួមចំណែកគាំទ្រយុទ្ធនាការផ្តល់ទឹករបស់រាជរដ្ឋាភិបាល។  

ខេត្តក្រចេះបើទោះបីជាប់តាមដងទន្លេមេគង្គក្តី តែគ្រោះរាំងស្ងួត បានធ្វើឲ្យប្រជាពលរដ្ឋនៅតាមស្រុក និង តំបន់ដាច់ស្រយាលមួយ ចំនួន បានជួបការខ្វះខាតទឹកប្រើប្រាស់ផងដែរ។

តាមរយៈការដាក់ចេញយុទ្ធនាការដោះស្រាយបញ្ហាទឹករបស់សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៦ ខែមេសា អាជ្ញាធរ កងកម្លាំង  ប្រដាប់អាវុធ កាកបាទក្រហម មន្រ្តីគណបក្សប្រជាជនកម្ពុជា រួមនិងក្រុមហ៊ុនឯកជនផងដែរ បានធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាំ  ដឹកទឹកចែកជូនប្រជាពលរដ្ឋ ហើយតំបន់ខ្លះទៀត ក៏មានការជីកអណ្តូង ជីកស្រះទឹកជូនប្រជាពលរដ្ឋ។ មិនខុសពីតំបន់ដទៃនោះ  អាជ្ញាធរស្រុកចិត្របុរី ក៏បានធ្វើសកម្មភាពដោះស្រាយបញ្ហាទឹកជូនប្រជាពលរដ្ឋបានទាន់ពេលវេលាផងដែរ។

ក្រុមប្រជាពលរដ្ឋជួបគ្រោះអត់ទឹកក្នុងស្រុកចិត្របុរី បាននិយាយថា ពួកគាត់មិនធ្លាប់ជួបគ្រោះអត់ទឹកប្រើប្រាស់ដូចឆ្នាំនេះឡើយ  ហើយគ្រោះរាំងស្ងួតនេះ បានធ្វើឲ្យពួកគាត់ជួបការលំបាកយ៉ាងខ្លាំង។

តែទោះជាយ៉ាងណា ពួកគាត់ពិតជារំភើបរីករាយខ្លាំង នៅពេលឃើញសម្តេចតេជោ បានបង្ហាញការយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជា ពលរដ្ឋ និងដាក់ចេញវិធានការដោះស្រាយបានយ៉ាងទាន់ពេលវេលា៕