(សៀមរាប)៖ បន្ទាប់ពីបានចំណាយពេលជាច្រើនម៉ោងធ្វើដំណើរតាមរថយន្តពីភ្នំពេញ រហូតដល់ក្រុងសៀមរាបនោះ នៅរសៀលថ្ងៃសៅរ៍ ទី០២ ខែមេសា ឆ្នាំ២០២២នេះ ក្រោមដំណក់ភ្លៀងស្រិចៗឥតដាច់ផងនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញត្រួតពិនិត្យផ្លូវទាំង៣៨ខ្សែ នៅក្នុងក្រុងសៀមរាប ដែលជាសមិទ្ធផលសាងសង់ឡើងដោយកញ្ចប់ថវិកាជាតិប្រមាណជា ១៥០លានដុល្លារអាមេរិក។

ដំណើរចុះត្រួតពិនិត្យផ្លូវនេះ ក្បួនរថយន្តរបស់សម្តេចតេជោ ហ៊ុន សែន ដែលអមដំណើរដោយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារ, លោកឧបនាយករដ្ឋមន្ត្រី ជា សុផារា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងមន្ត្រីរាជការមួយចំនួនទៀត បានធ្វើដំណើរតាមតម្រាយផ្លូវដែលបានរៀបចំពីផ្លូវមួយទៅផ្លូវមួយអស់ជាច្រើនផ្លូវ។

ក្រៅតែពីការអញ្ជើញមើលផ្លូវទាំង៣៨ខ្សែនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញមើលការរៀបចំស្តារ និងកែលំអរស្ទឹង និងច្រាំងស្ទឹងសៀមរាបនេះផងដែរ។ ការៀបចំស្តារ និងកែលំអរស្ទឹង និងច្រាំងស្ទឹងសៀមរាបនេះ ត្រូវបានដឹកនាំដោយឧបនាយករដ្ឋមន្ត្រី ជា សុផារា។ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចុះពិនិត្យនៅតំបន់សួនរ៉ោករ៉ាក។ សួនរ៉ោករ៉ាក ជាតំបន់អាណាធិបតេយ្យមួយកាលពីមុន ដែលមានប្រជាពលរដ្ឋតាំងទីលំនៅរហូតដល់ទៅប្រមាណ ៥០០គ្រួសារ។ តែបច្ចុប្បន្នត្រូវបានកែលំអរ រៀបចំជាសួន រៀបចំជាកន្លែងជិះកង់ និងអង្គុយលំហែជាដើម។ ដោយឡែកប្រជាពលរដ្ឋ៥០០គ្រួសារ ត្រូវបានរៀបចំឱ្យទៅតាំងទីលំនៅនៅតំបន់អភិវឌ្ឍតេជោរុនតាឯក។ សម្តេចតេជោ បានចាត់ទុកនេះជាដំណោះស្រាយឈ្នះឈ្នះមួយ។

ការរៀបចំស្តារ និងកែលំអរស្ទឹងសៀមរាប ត្រូវបានធ្វើឡើងដោយគោរពតាមបទដ្ឋាន និងការកំណត់ទាំងឡាយរបស់អង្គកាយូណេស្កូ និងគណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរហៅកាត់ថា ICC-Angkor ផងដែរ។

សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញចុះពិនិត្យការសាងសង់ផែនៅតាមមាត់ស្ទឹងសៀមរាប ដែលជាកន្លែងសម្រាប់ជិះទូកលំហែ ហើយក៏បានជួបសំណេះសំណាលជាមួយប្រជាសហគមន៍ប្រកបរបរអ៊ុទូកដឹកអ្នកទេសចរណ៍ ដែលមានប្រមាណ៩១ទូក ព្រមទាំងបានផ្តល់ថវិកាមួយចំនួនជូនពួកគេផងដែរ។

ជាការកត់សម្គាល់ក្នុងដំណើរអញ្ជើញចុះត្រួតពិនិត្យប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅក្នុងក្រុងសៀមរាបនេះ វត្តមានរបស់សម្តេចតេជោ ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវក្នុងក្រុងសៀមរាប។ ពួកគេ បានចេញមករាដៃជាសញ្ញាស្វាគមន៍ ជាមួយទឹកមុខញញឹមញញែម ជាសញ្ញាបង្ហាញនូវក្តីរីករាយ និងត្រេកអរចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ប្រមុខដឹកនាំជាតិ ដែលតែងតែតម្កល់ខ្ពស់ចំពោះជោគវាសនាជាតិ និងប្រជាជន។

សូមបញ្ជាក់ថា ការសាងសង់ផ្លូវ ៣៨ខ្សែ និងការកែលម្អស្ទឹងសៀមរាប គ្រប់គ្រងដោយក្រសួងចំនួន៣ គឺក្រសួងការពារជាតិ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន មានសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជាប្រធាន, លោកឧបនាយករដ្ឋមន្ត្រី ជា សុផារា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ជាអនុប្រធាន និងលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាអនុប្រធានអចិន្ត្រៃយ៍។

គម្រោងនេះអនុវត្តដោយអង្គភាពសាងសង់ចំនួន០៨ រួមមាន៖ កងវិស្វកម្មលេខ១៧៨ស្ពាន-ថ្នល់ នៃនាយកដ្ឋានវិស្វកម្ម, កងវិស្វកម្មសម្តេចតេជោ ខេត្តសៀមរាប, កងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប, អគ្គនាយកដ្ឋានសាធារណការ, អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់, នាយកដ្ឋានគ្រឿងចក្រ និងស្ថាបនាផ្លូវ, នាយកដ្ឋានជួសជុល និងថែទាំផ្លូវថ្នល់ និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមការងារអន្តរក្រសួងចំនួន ៩ក្រុម ដើម្បីធានាបាននូវគុណភាពជាប់រឹងមាំ ប្រើប្រាស់បានយូរអង្វែងតាមអាយុកាល និងសម្រេចការងារឱ្យបានទាន់ពេលវេលា។

កិច្ចការសាងសង់ផ្លូវទាំង៣៨ខ្សែ ត្រូវបានយកចិត្តទុកដាក់ខ្ពស់ពីក្រុមការងារសាងសង់ ហើយបានប្រឹងប្រែងសាងសង់ទាំងយប់ទាំងថ្ងៃ ដើម្បីសម្រេចឱ្យបានតាមការគ្រោងទុកដោយប្រើរយៈពេលត្រឹមតែមួយឆ្នាំប៉ុណ្ណោះ។ បន្ថែមពីលើនោះ សម្តេចពិជ័យសេនា ទៀ បាញ់, លោកឧបនាយករដ្ឋមន្ត្រី ជា សុផារា និងលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល តែងតែបានចុះពិនិត្យដំណើរការសាងសង់ជាប់ជាប្រចាំ ដើម្បីធានាថា ការសាងសង់ប្រព្រឹត្តទៅតាមគ្រោងទុក និងធានាបាននូវគុណភាពសំណង់។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប រួមមានការងារស្ថាបនាកម្រាលផ្លូវដោយបេតុងសរសៃដែក ការងារកម្រាលផ្លូវដោយអ៊ុតបេតុងកៅស៊ូ (AC) ការងារប្រព័ន្ធបណ្ដាញលូមេទឹកភ្លៀង-ទឹកកខ្វក់ ការងាររៀបខឿនចិញ្ចើមផ្លូវ និងការងារកម្រាលក្រានីត បានបញ្ចប់ការសាងសង់១០០ភាគរយ តាមផែនការដែលបានគ្រោងទុក តាំងពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១។

លោករដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា ការស្ថាបនាផ្លូវទាំង៣៨ខ្សែនៅក្នុងក្រុងសៀមរាប គឺជាចំណងដៃដ៏ពិសិដ្ឋរបស់សម្តេចតេជោ ហ៊ុន សែន ជូនចំពោះប្រជាពលរដ្ឋក្នុងខេត្តសៀមរាប។ លោកបន្ថែមថា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងក្រុងសៀមរាបនេះ មានគោលដៅប្រែក្លាយក្រុងសៀមរាប ឱ្យក្លាយជាទីក្រុងដ៏ទំនើបពោរពេញដោយសោភ័ណភាព បរិស្ថានល្អសម្រាប់ការរស់នៅ ឱ្យសក្តិសមជាទីក្រុងទេសចរណ៍ វប្បធម៌ និងប្រវត្តិសាស្ត្រ អាចទាក់ទាញភ្ញៀវទេសចរណ៍បានកាន់តែច្រើនសំដៅលើកស្ទួយសេដ្ឋកិច្ចជាតិឱ្យកាន់តែមានការរីកចម្រើន ព្រមទាំងធ្វើឱ្យប្រសើរឡើងដល់ការតភ្ជាប់ពីទីប្រជុំជនក្រុងសៀមរាបទៅកាន់តំបន់ដាច់ស្រយាលផងដែរ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងផងដែរថា ជាមួយការស្ថាបនាផ្លូវនេះ ក្រសួងក៏បានរៀបចំប្រព័ន្ធចម្រោះទឹកកខ្វក់ដ៏ធំ ដែលសមត្ថភាពខ្ពស់ក្នុងការចម្រោះទឹកកខ្វក់។ ទន្ទឹមជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យប្រជាពលរដ្ឋតភ្ជាប់ប្រព័ន្ធលូទឹកភ្លៀង និងទឹកកខ្វក់ពីតាមផ្ទះចំនួន ១២,២៩៩តំណជាមួយប្រព័ន្ធលូមេរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយឥតគិតថ្លៃ ដើម្បីជាចំណងដៃដ៏ថ្លៃថ្លាជូនដល់ប្រជាពលរដ្ឋនៅក្រុងសៀមរាប។

សូមរំលឹកថា គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាប ខេត្តសៀមរាបចំនួន៣៨ខ្សែនេះ មានប្រវែងសរុប ១០៦.៤២គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបជាង ១៤៩,២១៦,៥៩៥ ដុល្លារអាមេរិក។ ក្នុងនោះចំនួន ៩លានដុល្លារអាមេរិកចំណាយលើការងារចាំបាច់ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ស្ថិតក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨ខ្សែ។

ការសាងសង់ត្រូវបានបែងចែកជាបួនប្រភេទរួមមាន៖ ១) ផ្លូវជួសជុលដោយអ៊ុតបេតុងកៅស៊ូ (AC) បន្ថែមពីលើកម្រាស់៥សង់ទីម៉ែត្រ ប្រវែងសរុប ៣១.៧៧គីឡូម៉ែត្រ, ២) ផ្លូវស្ថាបនាដោយក្រាលបេតុងសរសៃដែកកម្រាស់ ២០សង់ទីម៉ែត្រ រួចអ៊ុតក្រាលបេតុងកៅស៊ូ (AC) ពីលើកម្រាស់ ៥ ទៅ ៧ សង់ទីម៉ែត្រ ប្រវែងសរុប ៧,៨៦ គីឡូម៉ែត្រ, ៣) ផ្លូវជួសជុលដោយក្រាលថ្មម៉ិច រួចអ៊ុតបេតុងកៅស៊ូ (AC) ពីលើកម្រាស់៥ ទៅ ៧ សង់ទីម៉ែត្រ ប្រវែងសរុប ១៣.៧៣គីឡូម៉ែត្រ, ៤) ផ្លូវស្ថាបនាដោយក្រាលបេតុង សរសៃដែក កម្រាស់ ២០ ទៅ ២៥ សង់ទីម៉ែត្រ ប្រវែងសរុប ៥០.៨៦គីឡូម៉ែត្រ និងការរៀបចំចិញ្ចើមផ្លូវ EN-០៣ ប្រវែង២,១៩គីឡូម៉ែត្រផងដែរ។

ដោយឡែកការងារសាងសង់ប្រព័ន្ធបណ្ដាញបង្ហូរទឹកមានប្រវែងសរុប ២៤៨.៧២គីឡូម៉ែត្រ ការងារសាងសង់ប្រព័ន្ធបណ្ដាញលូទឹកភ្លៀងប្រវែងសរុប ១៤៧គីឡូម៉ែត្រ និងការងារសាងសង់ប្រព័ន្ធបណ្ដាញលូទឹកកខ្វក់មានប្រវែង ១០១.៧១គីឡូម៉ែត្រ និងការងារដំឡើងបរិក្ខាផ្លូវថ្នល់រួមមាន៖ ការងារបំពាក់កាមេរ៉ាសុវត្ថិភាព ដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវ ការងារបំពាក់បរិក្ខារចរាចរណ៍ ការងារដំឡើងភ្លើងសញ្ញាចរាចរណ៍ ការងារដាំដើមឈើលើខ្សែផ្លូវដែលស្ថិតក្នុងគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៨ខ្សែ៕