(ស្វាយរៀង)៖ នៅរសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២២ ក្នុងនាមលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង លោក លី ធុជ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត បានជួបសំណេះសំណាលជាមួយមេក្រុមបក្ស និងប្រកាសទទួលសមាជិកគណបក្សថ្មីសង្កាត់ប្រាសាទ ក្រុងបាវិត ខេត្តស្វាយរៀង។

លោក លី ធុជ បានថ្លែងអំណរគុណចំពោះការសម្រេចចិត្តរបស់ប្រជាពលរដ្ឋសង្កាត់ប្រាសាទ ដែលបានស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលនេះគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុតក្នុងឆាកជីវិត របស់ប្រជាពលរដ្ឋទាំងអស់គ្នា ពីព្រោះមានតែគណបក្សប្រជាជនទេ ដែលបាននាំមកនូវសុខសន្តិភាព និងបានរំដោះប្រជាជនចេញពីរបបប្រល័យពូជសាសន៍ ព្រមទាំងបាននាំមកនូវការបង្រួបបង្រួមជាតិក្រោមគោលនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី។

លោកបន្តលើកឡើងថា គណបក្សប្រជាជនកម្ពុជា បានបង្កើតនូវសមិទ្ធផលជាប្រវត្តិសាស្រ្តយ៉ាងច្រើន និងបានបង្កើតនូវឱកាសការងារគ្មានដែនកំណត់ជូនដល់ប្រទេសជាតិ និងប្រជាជនកម្ពុជាទាំងអស់ ហើយគ្មានគណបក្សនយោបាយណាមួយ បានកសាងជាតិមាតុភូមិដូចគណបក្សប្រជាជនកម្ពុជាទេ។ គណបក្សប្រជាជនកម្ពុជា បានគិតគួរគ្រប់បែបយ៉ាងដល់អនាគតរបស់ប្រទេសជាតិសម្រាប់ការអភិវឌ្ឍ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ឥស្សរជនរបស់គណបក្សប្រជាជនកម្ពុជា គឺជាអ្នកស្នេហាជាតិដ៏ឆ្នើម ក្នុងកិច្ចការពារទឹកដី អធិបតេយ្យភាព និងប្រជាជនកម្ពុជា។

ក្នុងឱកាសនោះ លោកប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត បានជម្រុញឲ្យមេក្រុមបក្សនីមួយៗ ត្រូវបន្តយកចិត្តទុកដាក់ និងចុះសួរសុខទុក្ខជាប្រចាំដល់សមាជិកក្រុមបក្សទាំងអស់របស់ខ្លួន និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តរក្សាសន្តិភាព និងការអភិវឌ្ឍ ហើយសមាជិកបក្សទាំងអស់ត្រូវស្មោះត្រង់ឥតងាករេចំពោះគណបក្សប្រជាជនកម្ពុជា និងគោរពតាមលក្ខន្តិកៈរបស់គណបក្សដាច់ខាត៕