(ពោធិ៍សាត់)៖ រដ្ឋបាលខេត្តពោធិ៍សាត់ បានប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេចស្ដីពីការបង្កើតអនុគណៈកម្មការ និងក្រុមការងារចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល នៅតាមតំបន់ព្រៃលិចទឹកបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។ កិច្ចប្រជុំនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោក ជាវ តាយ អភិបាលខេត្តពោធិ៍សាត់។

សេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តពោធិ៍សាត់ ត្រូវបានបង្កើតអនុគណៈកម្មការបង្ក្រាបបទល្មើសជលផលថ្នាក់ខេត្ត ដែលមានលោក ជាវ តាយ អភិបាលខេត្ត ជាប្រធាន។ លោក ចេង ឡៃ អភិបាលរងខេត្ត ជាអនុប្រធានអចិន្ត្រៃយ៍, លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្ត, ឧត្តមសេនីយ៍ទោ ប៉ែន ណាវណ្ណ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត, លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្ត, លោកឧត្តមសេនីយ៍ត្រី ពុទ្ធ លី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ជាអនុប្រធាន។

នាយករដ្ឋបាលសាលាខេត្ត, ប្រធានមន្ទីរបរិស្ថានខេត្ត, មន្ទីរធនធានទឹក និងឧតុនិយមខេត្ត, នាយកទីចាត់ការហិរញ្ញវត្ថុ, នាយកទីចាត់ការអន្តរវិស័យ, អភិបាលស្រុកក្រគរ, អភិបាលស្រុកកណ្ដៀង និងអភិបាលស្រុកបាកាន ជាសមាជិក។ នាយខ័ណ្ឌរដ្ឋបាលជលផល ជាសមាជិកប្រចាំការ, ប្រធានការិយាល័យកិច្ចការច្បាប់ និងសុវត្ថិភាពសាធារណៈ ជាលេខាកត់ត្រា។

ក្នុងនោះត្រូវបានបង្កើតក្រុមការងារ ចំនួន០៣ក្រុម ដើម្បីចុះស្រាវជ្រាវ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល ក្នុងតំបន់ព្រៃលិចទឹកបឹងទន្លេសាប ដែលក្រុមទី១ ដឹកនាំដោយលោក លីវ សេងហ៉ីម អភិបាលស្រុកក្រគរ, ក្រុមទី២ ដឹកនាំដោយលោក ឆាយ គឹមម៉ុង អភិបាលស្រុកកណ្ដៀង និងក្រុមទី៣ ដឹកនាំដោយលោក ផាយ ឡេង អភិបាលស្រុកបាកាន។

បន្ថែមពីនេះ លោក ជាវ តាយ សូមឱ្យក្រុមការងារនីមួយៗ ចុះពិនិត្យស្រាវជ្រាវ និងទប់ស្កាត់បទល្មើសជលផល ដែលប្រើប្រាស់ឧបករណ៍ខុសច្បាប់គ្រប់ប្រភេទ។ ស្រាវជ្រាវ និងកំណត់មុខសញ្ញាជនប្រព្រឹត្តបទល្មើស បង្កសំណុំរឿងបញ្ជូនទៅតុលាការ តាមនីតិវិធីច្បាប់។ ចំពោះអ្នកលក់ឧបករណ៍បទល្មើស ទី១៖ ត្រូវផ្សព្វផ្សាយឱ្យយល់ដឹង ទី២៖ ណែនាំធ្វើកិច្ចសន្យា និងទី៣៖ ត្រូវអនុវត្តតាមច្បាប់តែម្ដង។

ជាមួយគ្នានោះ ត្រូវចុះរុះរើរបាំងព្រូល របាំងមង បរ បង្ក្រាបការអូសអួនយ៉ាំងកាវ និងបទល្មើសហាមឃាត់ផ្សេងៗទៀត តាមបទបញ្ជា និងការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឱ្យខាងតែបាន៕