(កំពង់ធំ)៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ប្រមាណចំនួន៣៧៦នាក់ បានបន្តចុះពិនិត្យ និងព្យាបាលជូនដល់ប្រជាពលរដ្ឋចំនួន៤,៧៧៦នាក់ នៅវិទ្យាល័យ ហ៊ុន សែន សណ្តាន់ ឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ដោយឥតគិតថ្លៃ ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោក ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក, ជាប្រធានគណៈកម្មការទី៧រដ្ឋសភា និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី រួមជាមួយនឹងការចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ជាដូសមូលដ្ឋាន និងដូសជម្រុញជូនប្រជាពលរដ្ឋ ដែលពួកគាត់ត្រូវកំណត់មកចាក់វ៉ាក់សាំង។

សូមជម្រាបជូនថា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ចំនួន ១២៥៨នាក់ បានចុះបេសកកម្មតាមការឧទ្ទេសនាមរបស់គណៈកម្មកាចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គិតតាំងពីចាប់ផ្តើមចាក់វ៉ាក់សាំងដំបូងពីខែមីនា ឆ្នាំ២០២១ មកដល់បច្ចុប្បន្នជូនប្រជាពលរដ្ឋតាមមូលដ្ឋាននានាក្នុង១៥ រាជធានី-ខេត្ត រួមមាន៖ ខេត្តព្រះសីហនុ ខេត្តពោធិសាត់ ខេត្តកោះកុង រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តឧត្តរមានជ័យ ខេត្តស្វាយរៀង ខេត្តសៀមរាប ខេត្តមណ្ឌលគិរី ខេត្តព្រះវិហារ ខេត្តត្បូងឃ្មុំ ខេត្តស្ទឹងត្រែង ខេត្តរតនគីរី ខេត្តតាកែវ និងខេត្តកំពង់ធំ ដោយចាក់វ៉ាក់សាំងបានចំនួន ៥,១៧៦,៥១៧ ដូស (ប្រាំលានដប់ប្រាំពីរម៉ឺនប្រាំមួយពាន់ប្រាំរយដប់ប្រាំពីរដូស)។

លើសពីនេះទៅទៀត ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ខេត្តសៀមរាប ខេត្តមណ្ឌលគិរី ខេត្តព្រះវិហារ ខេត្តត្បូងឃ្មុំ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តតាកែវ និងខេត្តកំពង់ធំ ចំនួន៩៣០នាក់ កំពុងតែបន្តស្ម័គ្រចិត្តចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងបង្កាកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស សម្រាប់ដូសទី១ ដូសទី២ ដូសទី៣ និងដូសទី៤ ដោយឥតគិតថវិកាបេសកកម្មឡើយ។

ជាមួយនឹងការចុះពិនិត្យ និងព្យាបាលជំងឺ របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ធ្វើឡើងនាថ្ងៃទី០២ ខែមេសា ឆ្នាំ២០២២ ដឹកនាំដោយលោក លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្តាន់ និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី តំណាងលោក ហ៊ុន ម៉ានី ដោយមានការសហការជាមួយ លោក សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តកំពង់ធំ តំណាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៏ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តកំពង់ធំ, លោក ញិក បានខេង អភិបាលរង តំណាងលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ, លោក ជា វ៉ាន់ចាន់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ធំ, លោកវេជ្ជបណ្ឌិត ស្រី ស៊ីន អនុប្រធានប្រតិបត្តិ ទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ខេត្តកំពង់ធំ និងជាប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ធំ, លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកសណ្តាន់, អាជ្ញាធរស្រុកសណ្តាន់, យុវជនកាកបាទក្រហមកម្ពុជា, យុវជនកាយរិទ្ធិកម្ពុជា សាខាសកម្មជនក្រុមការងារយុវជនរាជធានីភ្នំពេញ។

ការពិគ្រោះជំងឺរួមមាន៖ ជំងឺទូទៅ អប់រំសុខភាព ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺឬដូងបាត ជំងឺសួត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំងឺព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក សុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ក ជំងឺកម្រងនោម អេកូសាស្ត្រ ម៉ាស៊ីនផ្លុំរកមេរោគក្រពះតាមរយះខ្យល់ដង្ហើម វាស់ចង្វាក់បេះដូង មន្ទីរពិសោធន៍(វិភាគឈាម) វះកាត់តូចនិងព្យាបាលរបួស …។ល។

សូមបញ្ជាក់ថា ក្នុងរយៈពេល១០ឆ្នាំ (០២ធ្នូ ឆ្នាំ២០១២ ដល់ ០២ មេសា ឆ្នាំ២០២២) ក្រោមការដឹកនាំចង្អុលបង្ហាញដោយផ្ទាល់របស់លោក ហ៊ុន ម៉ានី ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី មានចំនួន ៥,៦៧៩នាក់ (ប្រាំពាន់ប្រាំមួយរយចិតសិបប្រាំបួននាក់) ក្នុងនោះស្ត្រីមានចំនួន ៣,២៣១ នាក់ (បីពាន់ពីររយសាមសិបមួយនាក់) បានចុះអប់រំផ្សព្វផ្សាយបង្កាកូវីដ-១៩ យុទ្ធនាការចាក់វ៉ាក់សាំងបង្កាកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស សង្រ្គោះបឋម និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃមាន៖ ក្នុងខេត្តកំពង់ធំ ចំនួន១៣លើក សរុបមានប្រជាពលរដ្ឋចូលរួមចំនួន ១២,៧៤៣នាក់(មួយម៉ឺន ពីរពាន់ ប្រាំពីររយ សែសិប បីនាក់) ក្នុងនោះស្រ្តីមានចំនួន ៨,១៩៧នាក់ (ប្រាំបីពាន់ មួយរយ កៅសិប ប្រាំពីរ នាក់) ក្នុងនោះ នៅទូទាំង២៥ រាជធានី-ខេត្ត ប្រទេសកម្ពុជា បានចំនួន៥៥១លើក មានប្រជាពលរដ្ឋចូលរួមចំនួន ៥,៧៥៩,៥០៦នាក់ (ប្រាំលាន ចិតសិបប្រាំម៉ឺន ប្រាំបួនពាន់ ប្រាំរយ ប្រាំមួយនាក់) ក្នុងនោះស្ត្រីមានចំនួន ៣,០៤៤,៧៩៦នាក់ (បីលានបួនម៉ឺនបួនពាន់ប្រាំពីររយកៅសិបប្រាំមួយនាក់ ) ជិត១ ភាគ២ នៃប្រជាជនសរុបទូទាំងប្រទេសចំនួន ១៥,៥៥២,២២១នាក់ (ដប់ប្រាំលានហាសិបប្រាំម៉ឺនពីរពាន់ពីររយម្ភៃមួយនាក់)។

បើតាមរបាយការណ៍ដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចុះទៅពិនិត្យ និងព្យាបាល ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នាថ្ងៃនេះបានបង្ហាញឲ្យឃើញថា៖ ជំងឺកុមារចំនួន៖ ១៣៥នាក់, ជំងឺស្ត្រីចំនួន៖១៧៦នាក់, ជំងឺផ្លូវចិត្តចំនួន៖១៥៨នាក់,ជំងឺឬសដូងបាតចំនួន៖៩៥នាក់, ជំងឺសន្លាក់ឆ្អឺងចំនួន៖ ២៩១នាក់, ជំងឺផ្លូវដង្ហើមចំនួន៖៩៨នាក់, ជំងឺទឹកនោមផ្អែមចំនួន៖៣០៧នាក់, អេកូសាស្ត្រចំនួន៖១៨១នាក់, ជំងឺបេះដូងចំនួន៖២៥២នាក់, ជំងឺត្រចៀក និងបំពង់ក៖ ១៦៣នាក់, ជំងឺវះកាត់តូចចំនួន៖៤៦នាក់, វិភាគឈាម៖២៣៤នាក់, ជំងឺទូទៅចំនួន៖២០៧៤នាក់ និងផ្នែកប្រព័ន្ធប្រសាទ និងបំបាត់ការឈឺចុកចាប់ចំនួន៖ ៦៨នាក់ សង្គ្រោះបឋមចំនួន៖២៧១នាក់៕