(កំពង់ស្ពឺ)៖ មេទីស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើចំនួន២កន្លែង ស្ថិតនៅទឹកដីស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ត្រូវបានប្រជាពលរដ្ឋរិះគន់ថា ឃើញតែប្រមូលលុយពីបទល្មើសឈើ មិនដែលឃើញបង្ក្រាបបទល្មើសទាំងនេះឡើយ។

ការរិះគន់នេះបានធ្វើឡើង ខណៈមានគោយន្តរាប់សិបគ្រឿង បានឆ្លងកាត់ពីមុខស្នាក់ការរបស់ពួកគេរាល់ថ្ងៃតែមិនមានការទប់ស្កាត់នោះឡើយ។ នេះបើយោងតាមការបញ្ជូនព័ត៌មានរបស់ ប្រជាពលរដ្ឋផ្ញើមកកាន់អង្គភាព Fresh News នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៦នេះ។ ស្នាក់ការដែលប្រជាពលរដ្ឋ ក៏ដូចជា អ្នករស់នៅ ស្រុកឱរ៉ាល់រិះគន់ខ្លាំងជាងគេនោះគឺ ស្នាក់ការរដ្ឋបាលព្រៃឈើ «តាសាល» និងសង្កាត់ព្រៃឈើ «ត្រពាំងជោ»។

នាយសង្កាត់ព្រៃឈើ «តាសាល» ត្រូវបានគេស្គាល់ថា មានឈ្មោះ ស ស៊ីប៉ូឡែត ចំណែកសង្កាត់ព្រៃឈើ «ត្រពាំងជោ» ត្រូវបានគេរាយការណ៍ថា គ្រប់គ្រងដោយលោក ស្មៀន សារ៉េត។ សេចក្តីរាយការណ៍ពី ប្រជាពលរដ្ឋ បានឲ្យដឹងថា សង្កាត់ព្រៃឈើទាំង២ ជាកន្លែងព្រៃឈើឆ្លងកាត់លំដាប់ទី១ ដែលមានទាំងគោយន្ត និងឡានមានច្បាប់ ឬមានច្បាប់តែដឹកលើសច្បាប់អនុញ្ញាត ជាទម្លាប់ត្រូវបង់លុយគ្រប់រូបភាព បទល្មើសឆ្លងកាត់។

ជារឿយៗសង្កាត់ទាំង២ទីតាំង តែងតែបិទភ្នែកលាក់បាំងគ្រប់រូបភាព នៃការដឹករបស់ឈ្មួញឈើ ដោយអនុញ្ញាត បើកភ្លើងខៀវឲ្យដឹកឈើ ឬឈើដុលគ្រប់ប្រភេទតាមម៉ោង ដែលមិនមាននរណាដឹងឡើយ។

យ៉ាងណាក៏ដោយនេះ គ្រាន់តែការលើកឡើងរបស់អ្នកដឹករឿងខ្លះៗប៉ុណ្ណោះ តែការពិតយ៉ាងណានោះ អង្គភាព Fresh News មិនសុំការបំភ្លឺ ពីម្ចាស់ទីស្នាក់ការទាំង២បាននៅឡើយទេ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៦នេះ ដោយសារតែគ្មានលេខទូរស័ព្ទ៕