(បាត់ដំបង)៖ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងជំទាវ បានឧបត្ថម្ភថវិកា ចំនួន៣០០០ដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ដើម្បីចូលរួមអបអរសាទរទិវា ពិភពលោកទី១៥៩ កាកបាទក្រហម ៨ ឧសភា ២០២២។

នាឱកាសនោះដែរ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត សុខ ផល ក៏បានអំពាវនាវដល់សមាជិក សមាជិកទូទាំងខេត្ត សូមចូលរួមបរិច្ចាគថវិកាជាមួយកាកបាទក្រហម ដើម្បីបម្រើដល់ការងារមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះ ប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ស្ត្រីមេម៉ាយ និងកុមារកំព្រាជាដើម។

សូមជម្រាបថា នៅពិធីអបអរសាទរខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងវឌ្ឍចន្ទក្រហម ៨ ឧសភា ២០២២ ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហាប្រឈមនានា និងបន្តពង្រឹងភាពធន់សហគមន៍» មានថ្នាក់ដឹកនាំ មន្ត្រីរាជការ វិស័យឯកជន និងប្រជាពលរដ្ឋ បានចូលរួមបរិច្ចាគថវិការបស់ខ្លួនយ៉ាងច្រើនផុសផុល ដើម្បីឱ្យសមាគមជាតិមួយនេះមានធនធានបន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត តាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ក្រោមការដឹកនាំរបស់សម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។

នៅក្នុងឱកាសខួបទី១៥៩ ទិវា ៨ ឧសភា ឆ្នាំ២០២២នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង សូមអំពាវនាវដល់សម្តេច លោក លោកស្រី អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា សប្បុរសជន មកពីគ្រប់មជ្ឈដ្ឋានទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន មេត្តាឧបត្ថម្ភគាំទ្រដោយសទ្ធាជ្រះថ្លា ដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត ដើម្បីបន្តផ្តល់សេវាកម្មមនុស្សធម៌ប្រយុទ្ធនឹងជំងឺកូវីដ១៩ និងកសាងភាពធនរបស់សង្គមជាតិយើងផងដែរ៕