(ភ្នំពេញ)៖ គណៈកម្មការទ្រទ្រង់សាលា គណៈគ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៃសាលាបឋមសិក្សាវត្តស្វាយ ខេត្តសៀមរាប ទទួលបានអំណោយមនុស្សធម៌ជាសម្ភារសិក្សា ជីកសិកម្ម គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនពីប្រតិភូមកពីក្រុមហ៊ុន បាយ័ន ហេរីធេច ហូលឌីងគ្រុប ខូអិលធីឌី ដែលជាក្រុមហ៊ុននាំចូល-ចែកចាយជីធម្មជាតិជប៉ុនសញ្ញាផែនដី។

សកម្មភាពមនុស្សធម៌នេះធ្វើឡើងនាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ នៅសាលាបឋមសិក្សាវត្តស្វាយផ្ទាល់តែម្ដង ដោយមានការចូលរួមពីប្រតិភូមកពីក្រុមហ៊ុន បាយ័ន ហេរីធេច ហូលឌីងគ្រុប ខូអិលធីឌី ដឹកនាំដោយលោកឧកញ្ញ៉ា ចាន់ សុខឃាំង អគ្គនាយកក្រុមហ៊ុន បាយ័ន ហេរីធេច ហូលឌីងគ្រុប ខូអិលធីឌី និងលោកស្រី អ៉ីត អេឡែន គណៈកម្មការទ្រទ្រង់សាលា គណៈគ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សសាលាបឋមសិក្សាវត្តស្វាយ សរុបជិត២០០នាក់។

បន្ទាប់ពីសំណេះសំណាលជាមួយគណៈកម្មការទ្រទ្រង់សាលា គណៈគ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សរួចមកនោះ លោកឧកញ្ញ៉ា ចាន់ សុខឃាំង អគ្គនាយកក្រុមហ៊ុន និងលោកស្រី អ៉ីត អេឡែន ក៏បានដឹកនាំប្រតិភូរបស់ក្រុមហ៊ុនចែកអំណោយមនុស្សធម៌ជូនដល់លោកគ្រូអ្នកគ្រូចំនួន២៨នាក់ និងសិស្សានុសិស្សចំនួន១៥២នាក់។

* អំណោយសម្រាប់ទុកប្រើប្រាស់ក្នុងសាលាបឋមសិក្សាវត្តស្វាយមាន ដូចជា កៅអីថ្មចំនួន១០ឈុត ទ្រនាប់អង្គុយ PK+ (25kg) ចំនួន១០០ឈុត បាដេរតង់ PF(50kg) ចំនួន៥ផ្ទាំង ជីម្សៅចំនួន៥បាវ ជីអ៊ុយរ៉េចំនួន២បាវ ស្លាយ (Projector) ចំនួន១គ្រឿង និងថវិកាសម្រាប់កសាងរបងថ្មមុខសាលាចំនួន៤ផ្ទាំង។

* អំណោយសម្រាប់សិស្ស១៥២នាក់ ដោយសិស្សម្នាក់ៗទទួលបានកាបូប (ក្រណាត់លឿង) ចំនួន១ សៀវភៅចំនួន១០ក្បាល ខ្មៅដៃចំនួន៥ដើម អាវក្មេងចំនួន១ អង្ករ (5Kg) ចំនួន១កញ្ចប់ និងថវិកាចំនួន២០,០០០រៀល។

* អំណោយសម្រាប់លោកគ្រូអ្នកគ្រូចំនួន២៨នាក់ ដោយម្នាក់ៗទទួលបានជីកញ្ចប់តូចចំនួន១កញ្ចប់ អង្ករ (5Kg) ចំនួន១កញ្ចប់ និងថវិកាចំនួន៥០,០០០រៀល។

អំណោយខាងលើនេះបើសរុបជាទឹកប្រាក់មានចំនួន៦,៨៧០ដុល្លាអាមេរិក ក្នុងនោះមានការចែកជូនដល់គណៈកម្មការទ្រទ្រង់សាលា គណៈគ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សទាំងនៅសាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យផងដែរ។

គណៈកម្មការទ្រទ្រង់សាលា គណៈគ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សបានថ្លែងអំណរគុណដល់លោកឧកញ៉ា និងលោកស្រី លោក លោកស្រី អ្នកនាងកញ្ញា និងក្រុមគ្រួសារទាំងអស់៕