(ភ្នំពេញ)៖ លោក ពៅ សុចិត្ត ត្រូវបានកម្លាំងនគរបាលក្រសួងមហាផ្ទៃឃាត់ខ្លួន និងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃសៅរ៍ ទី០២ ខែមេសា ឆ្នាំ២០២២នេះ។ លោក ពៅ សុចិត្ត ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួននៅថ្ងៃទី០១ ខែមេសា តាមពាក្យបណ្តឹងពាក់ព័ន្ធការឆបោកក្នុងសំណុំរឿងទិញលក់ដីពីរកន្លែងស្ថិតនៅភូមិត្រពាំងមាន សង្កាត់ក្រាំងធ្នង់ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

យោងតាមពាក្យបណ្តឹងដែលបានដាក់ចូលទៅកាន់អយ្យការអមសាលាដំបូងកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ បានរៀបរាប់ថា កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ ឈ្មោះ ពៅ សុចិត្ដ បានប្រើឧបាយកលទៅទិញដីដោយបានភូតកុហកថា ខ្លួនមានប្រាក់គ្រប់ចំនួនសម្រាប់ការទិញដីទាំងពីរកន្លែងនេះ។

ក្នុងពាក្យបណ្តឹងនេះ បានរៀបរាប់ថា បន្ទាប់ពីបានបង់ប្រាក់កក់រួច ឈ្មោះ ពៅ សុចិត្ដ បានគេចវេសមិនព្រមបង់ប្រាក់ជូនម្ចាស់ដីទៀតតាមកិច្ចសន្យាទិញលក់អចលនវត្ថុនោះឡើយ ទោះបីម្ចាស់ដីបានអនុគ្រោះលើកពេលជូនជាច្រើនលើកច្រើនសារយ៉ាងណាក៏ដោយ។ ជាងនេះទៅទៀតឈ្មោះ ពៅ សុចិត្ត បានបន្តប្រើឧបាយកលទុច្ចរិតជាច្រើនក្នុងការគេចវេសពីការបង់ប្រាក់ ថែមទាំងបានប្រើវិធីផ្សេងៗក្នុងការបង្កជាឧបសគ្គដល់ម្ចាស់ដីក្នុងការលក់ដីបន្តទៅឱ្យអ្នកដទៃ។

នៅក្នុងពាក្យបណ្តឹងដដែលនេះ ស្ត្រីជាម្ចាស់ដីបានរៀបរាប់ថា ឈ្មោះ ពៅ សុចិត្ត ពុំមានប្រាក់ទិញដីរបស់ខ្លួននោះទេ គឺគ្រាន់តែធ្វើជាអ្នកទិញដីដោយពុំមានប្រាក់បង់ថ្លៃដីគ្រប់ចំនួនឡើយ ហើយព្យាយាមរិះរកគ្រប់មធ្យោបាយក្នុងគោលបំណងឱ្យម្ចាស់ដី មានការខាតបង់ប្រាក់ ខកខានការវិនិយោគលើដី និងខាតបង់ពេលវេលាតែប៉ុណ្ណោះ។

ស្ត្រីជាម្ចាស់ដី បានលើកឡើងយ៉ាងដូច្នេះថា «ទង្វើទុច្ចរិតរបស់ឈ្មោះ ពៅ សុចិត្ដ គឺសរបញ្ជាក់ឲ្យឃើញថាគឺជាទង្វើទុច្ចរិត និងមានចេតនាបោកប្រាស់មកនាងខ្ញុំ ដោយឈ្មោះនេះគ្រាន់តែកក់ប្រាក់ថ្លៃដី ហើយមានចេតនារារាំងមិនឱ្យនាងខ្ញុំលក់ដីទៅឱ្យអ្នកដទៃ។ ទង្វើបែបនេះបានធ្វើឲ្យខូចខាតផលប្រយោជន៍វិនិយោគលេីដី និងខាតបង់ពេលវេលាមកលើនាងខ្ញុំយ៉ាងធ្ងន់ធ្ងរ។ ប្រសិនបើនាងខ្ញុំមិនចាញ់កលល្បិចរបស់ឈ្មោះ ពៅ សុចិត្ដ ហើយលក់ដីនេះទៅឲ្យអ្នកដទៃដែលគេបានឲ្យតម្លៃប្រហាក់ប្រហែលទៅនឹងតម្លៃដែលឈ្មោះ ពៅ សុចិត្ដ ឲ្យនោះ ម្ល៉េះនាងខ្ញុំនឹងទទួលបានប្រាក់ថ្លៃទិញដីគ្រប់ចំនួនទៅវិនិយោគបន្ត មិនរាំងស្ទះការវិនិយោគ ហើយក៏មិនខាតបង់ពេលវេលាដែរ»

លើសពីនេះទៀត ស្ត្រីជាម្ចាស់ដីបានលើកឡើងថា ខ្លួនទទួលរងភាពអយុត្តិធម៌ណាស់កន្លងមក ហើយខ្លួនក៏ហួសចិត្តបំផុត ដោយជនទុច្ចចរិកឈ្មោះ ពៅ សុចិត្ត នេះអាក្រក់លើអាក្រក់ទិញដីមិនត្រឹមតែមិនព្រមបង់លុយគ្រប់ចំនួនតាមលក្ខខណ្ឌក្នុងកិច្ចសន្យាទិញលក់អចលនវត្ថុទេ ថែមទាំងប្រើឧបាយកលយ៉ង់ខ្នងពីក្រោយខ្នងធ្វើជាឧបសគ្គដើម្បីកុំឲ្យម្ចាស់ដីលក់ដី ឬវិនិយោគលើដីនេះបានហើយ ថែមទាំងបានប្តឹងម្ចាស់ដីទៀតនាពេលកន្លងមក។

ស្ត្រីម្ចាស់ដីបន្តថា ប៉ុន្តែដោយសារតុលាការរកភស្ភតាងឃើញ ហើយខ្លួនមានឯកសារស្របច្បាប់គ្រប់គ្រាន់ទើបតុលាការអនុវត្តដីការឱ្យសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ ពៅ សុចិត្ត។

ក្នុងពាក្យបណ្តឹងនេះ ស្ត្រីជាម្ចាស់ដី បានទាមទារសំណងជំងឺចិត្ដពី ពៅ សុចិត្ត ចំនួន ៥ម៉ឺនដុល្លារ និងទាមទារសងការខូចខាតពេលវេលាចំនួន ៥ម៉ឺនដុល្លារផងដែរ៕